សម្តេចពិជ័យសេនា ទៀ បាញ់ ៖ CAMSOC មានគម្រោងផែនការច្បាស់លាស់ ក្នុងកម្មពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអទិទេព រត់ភ្លើងគប់

0
262

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈអចិន្រ្ទៃយ៍ CAMSOC តាមប្រព័ន្ធហ្សូម នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការទទួលខុសត្រូវរៀបចំពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអទិទេពរត់ភ្លើងគប់ថា មានគម្រោងផែនការច្បាស់លាស់ ដែលអាចជម្រុញឲ្យការងារសម្រេចបានជោគជ័យតាមការគ្រោងទុកនៅពេលខាងមុខ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូបញ្ជាក់ថា ក្រោយពីសម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃពីគម្រោងផែនការដែលរៀបចំ ដើម្បីសម្រេចទៅតាមការគ្រោងទុកនោះ គណៈកម្មាការគ្រប់ផ្នែកទទួលខុសត្រូវទាំងអស់ បានទទួលយកប្រសាសន៍ណែនាំសម្តេច ទៅអនុវត្តតាមសកម្មភាពទស្សនីយភាពផ្នែកមួយៗ ដើម្បីសិក្សាថា តើកម្មវីធីនីមួយៗ មានកង្វះខាតធនធានមនុស្ស ឬសម្ភារៈអ្វីខ្លះ មានគម្រោងថវិកាចំណាយទំហំប៉ុន្មាន ដាក់ជូនលេខាធិដ្ឋាន CAMSOC ដើម្បីអនុម័តជូន ។

លោក អគ្គលេខាធិការ បានបន្ថែមទៀតថា យោងតាមអនុសាសន៍ណែនាំសម្តេចប្រធាន ពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអទិទេពរត់ភ្លើងគប់ទាំងអស់ នឹងចងក្រងបណ្តុំជាសៀវភៅមួយក្បាលបោះពុម្ពចែកគណៈកម្មការគ្រប់ផ្នែក ដើម្បីយកមកមើល និងអនុវត្តន៍ ។

សូមបញ្ជាក់ថា ពិធីរត់ភ្លើងគប់ គឺត្រូវសុំភ្លើងអទិទេព នៅទឹកដីអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជធិបតីដ៍ខ្ពង់ខ្ពស់បំផុតព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងដង្ហែភ្លើងគប់ទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួចត្រឡប់កមជុំវិញបឹងទន្លេសាប ដែលគ្រោងនឹងចាប់ផ្តើមពីខែមិនា ដល់ ខែឧសភា ឆ្នាំ២០២៣ ៕

មតិ