អគ្គ NOCC ៖ វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ពិតជាមានសារសំខាន់ណាស់ ជំរុញឲ្យមន្ត្រីកីឡាអាចបំពេញចរន្តការងាររដ្ឋបាលកីឡា និងការងារទំនាក់ទំនង ក្នុងរង្វង់ជំនាញកីឡាឲ្យកាន់តែរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់

0
86

ភ្នំពេញ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) វ៉ាត់ ចំរើន បានចាត់ទុកវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ពិតជាមានសារសំខាន់ណាស់ ក្នុងការជួយជំរុញឲ្យមន្ត្រីកីឡាអាចបំពេញចរន្តការងាររដ្ឋបាលកីឡា និងការងារទំនាក់ទំនង ក្នុងរង្វង់ជំនាញកីឡាឲ្យកាន់តែរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់

លោកអគ្គលេខាធិការ បន្ថែមថា ដោយទទួលបានការជំរុញពីឯឧត្តមបណ្ឌិត ថោង ខុន ប្រធាន NOCC យើងបានរៀបចំវគ្គសិក្សានេះឡើង និងនៅមានវគ្គបណ្តុះបណ្តាលជាច្រើន នៅតាមបណ្តាខេត្តផ្សេងៗទៀត ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាNOCC បានស្នើសុំគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា រួចរាល់ហើយ វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់ទៅលើវេជ្ជសាស្ត្រកីឡា ការរៀបចំរចនាសម្ព័ន្ធកីឡា ប្រវត្តិកីឡា គោលការណ៍លេងដោយយុត្តិធម៌ រួមទាំងចំណេះដឹងស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យកីឡា ដើម្បីបញ្រ្ជាបការយល់ដឹងពីប្រព័ន្ធគ្រប់គ្រង នៃវិស័យកីឡាជាតិ និងអន្តរជាតិ ជួយធ្វើឲ្យសិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងបន្ថែម ពីចរន្តការងាររដ្ឋបាលកីឡា និងការងារទំនាក់ទំនងក្នុងរង្វង់ជំនាញកីឡា ឲ្យកាន់តែរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់

«ម្យ៉ាងទៀតជួយជំរុញលើកទឹកចិត្តឲ្យមន្ត្រីកីឡាទាំងអស់នេះ ផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍជំនាញកីឡា ដោយជំនាញកីឡានេះ ប្លែកពីជំនាញផ្សេងទៀត គឺត្រូវយកទាំងកម្លាំកាយ កម្លាំងចិត្ត កម្លាំបញ្ញាស្មារតីមកហ្វឹកហាត់ ដើម្បីឲ្យទទួលបាននូវសមត្ថភាពពិតប្រាកដ

លោកវ៉ាត់ ចំរើន សង្កត់ធ្ងន់ថា វគ្គសិក្សារដ្ឋបាលកីឡានេះមានសារសំខាន់ណាស់ ដោយមានការទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ពីប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ(IOC) បានទទួលស្គាល់និងមានតម្លៃជាសាកលតែម្តង វ៉ាត់ ចំរើន សង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងទាំងអស់នេះ ទៅបំពេញការងារប្រកបដោយប្រសិទ្ធភាព ក្នុងការដឹកនាំគ្រប់គ្រងវិស័យកីឡាជំនាញនីមួយៗ និងរួមគ្នាធ្វើកិច្ចការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ»

តាមការបញ្ជាក់ពីលោក ឯម ហៀង គណៈគ្រប់គ្រងវគ្គនេះគូសបញ្ជាក់ថា « វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា» ក្រោមការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ បានដំណើរការពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ដោយមានសិក្ខាកាម២៥នាក់ចូលរួម បង្រៀនដោយគ្រូឧទ្ទេសចំនួន៣រូប តាមប្រព័ន្ធបច្ចេកវិទ្យា Zoom ចំពោះលទ្ធផលនៃវគ្គនេះរួមមាន៖និទ្ទេសល្អណាស់ ៧នាក់ = ៣០% និទ្ទេសល្អ ១០នាក់ = ៤៣% និងនិទ្ទេសមធ្យម ៦នាក់ = ២៧%

មតិ