សមត្ថកិច្ចបញ្ជាក់ចំណាត់ការ​ អនុវត្តច្បាប់ចរាចរណ៍បង្កហិង្សាបណ្តាលឱ្យស្ត្រីម្នាក់របួសបែកក្បាលកាលពីយប់មិញ

0
143

ភ្នំពេញ៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ​ បានចេញសេចក្ដីបំភ្លឺមួយ ទាក់​ទង នឹងករណីអនុវត្តច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអំពើហិង្សា ដែលបានកើតឡើង នៅយប់ថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០​២១​ នៅក្នុងខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជ ធានី​ភ្នំ​ពេញ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា នាព្រឹកថ្ងៃទី៩ ខែកញ្ញានេះថា ដោយអនុវត្ត តាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និង លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ គឺមាន៣ចំណុច ដូចខាងក្រោម៖

១.​ មន្ត្រីអន្តរាគមន៍ ដែលបានបង្កការ រងរបួសដល់ស្ត្រីម្នាក់ បណ្តាលឲ្យបែកក្បាល ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា​ បន្ទាប់ពីពេលកើតហេតុ​រួច​។

២.​ សមត្ថកិច្ច នឹងឲ្យមន្ត្រីបង្ក​ ជួបជាមួយក្រុមគ្រួសារជនរងគ្រោះ ចរចារគ្នារឿងសំណង​ ថ្លៃព្យាបាល​ …បើជនរងគ្រោះមិនសុខចិត្ត​ សមត្ថកិច្ច នឹងអនុវត្តបន្ត ដោយកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ​ ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់​។

៣.​ ប្រសិនបើជនរងគ្រោះចរចាត្រូវគ្នា បញ្ចប់រឿងត្រឹមសំណង​ មន្ត្រីនោះ ក៏នៅតែត្រូវអនុវត្តវិន័យកង កម្លាំងផងដែរ​។

សូមជម្រាបថា នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មានហេតុការណ៍ ប៉ះទង្គិចរវាងនគរបាលអន្តរាគមន៍ និង ប្រជាពលរដ្ឋ មិនគោរពច្បាប់ចរាចរណ៍២នាក់​ ដោយក្នុងហេតុការណ៍នេះ បណ្តាលឲ្យនារីម្នាក់ រងរបួសបែក ក្បាល។ បើ​តាមសេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញប្រុសស្រីមួយគូជិះម៉ូតូឌុបគ្នា​ ដោយមិនមានមួកសុវត្ថិភាព​ ហើយពេលជួបនគរបាល ដែលកំពុងត្រួតពិនិត្យ​ ក៏ព្យាយាមជិះគេច។ ក៏ប៉ុន្ទែ​មន្ត្រីនគរបាល ក៏បានប្រើអាយកូម វាយសម្តៅបុរសជាអ្នកឌុប​ តែមិនត្រូវអ្នកឌុបទេ​ បែរជាត្រូវនារីខាង ក្រោយ​ទៅវិញ ដែលបង្កឲ្យ​មាន​ការភ្ញាក់ផ្អើលជាខ្លាំង៕

មតិ