ឆេះទូកដឹកឥវ៉ាន់មួយគ្រឿងនៅកណ្តាលសមុទ្រកោះរ៉ុងស្លាប់ម្នាក់របួសជាច្រេីននាក់

0
84

ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ក្នុងអណ្តាតភ្លេីងនិង១០នាក់ទៀតក្នុងនោះមានក្មេងតូចៗចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើផ្ទៃសមុទ្រ ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជុំវិញបញ្ហានេះអង្គភាពប្រតិកម្មរហ័សរបស់រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបង្ហោះលើ page ផ្លូវការផងដែរ។

សូមបញ្ជាក់ថា, នៅវេលាម៉ោង ១០៖២០នាទីព្រឹកមិញ ស្ថិតនៅចំណុចចន្លោះពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុ មានករណីឆេះទូកដឹកបន្លែចំនួន០១គ្រឿង ទំហំទទឹង ៣.៤ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម។ នេះបើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មានអោយដឹងពីហេតុការណ៍។

លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បានបញ្ជាក់ថា ករណីនេះបណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ហ៊ីង ស្រស់ អាយុ៥០ឆ្នាំស្លាប់ ខណៈ១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល តែបានបណ្តាលឲ្យរងបួសមនុស្សចំនួន០៦នាក់ផងដែរ។

បើតាមការបំភ្លឺរបស់អ្នកបើកទូក នៅលើទូករបស់ខ្លួនមានដឹកមនុស្សចំនួន១១នាក់ (ស្រី០៥នាក់) បានចេញដំណើរពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ទៅផែ៥២ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រង ប៉ះនឹងបំពង់ស៊ីម៉ំាងម៉ាស៊ីនទូកបណ្តាលឲ្យមានភ្លើងឆាបឆេះ រួចលិចតែម្តង។ ក្នុងករណីជួយសង្គ្រោះប្រជាពលរដ្ឋនេះ គេឃើញថាសមត្ថកិច្ចនិងអាជ្ញាធរ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្រោមការបញ្ជាពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។ ពិសេសសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់សមុទ្រ ដូចជាអ្នកនេសាទជាដើម ប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅក្នុងសប្តាហ៍នេះ។

មតិ