ទិវាអូឡាំពិក តាមប្រព័ន្ធ Online បញ្ចប់ដោយជោកជ័យផ្លែផ្កា

0
83

ភ្នំពេញ៖ ទិវាអូឡាំពិក បានរៀបចំឡើងតាមប្រព័ន្ធ Online លើកដំបូង ក្រោមប្រធានបទ “ហាត់ប្រាណនៅផ្ទះជាមួយអត្តពលិក” ដើម្បីជំរុញប្រជាពលរដ្ឋឲ្យចូលរួមលេងកីឡា ពិសេសក្នុងបរិបទកូវីដ-១៩ ដើម្បីទទួលបានសុខភាពល្អ ស្របតាមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ» ដែលជាយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបញ្ចប់ដោយជោកជ័យនឹងមានផ្លែផ្កាបំផុត។ម្ចាស់មេដាយមាសកីឡាអាស៊ី (ASIAN Games) និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣ជំនាន់ជាប់ៗគ្នា វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងអតីតកីឡាការិនីហែលទឹក ហែមថុន វិទិនី ដែលជាអត្តពលិកអូឡាំពិកធ្លាប់ចូលរួមអូឡាំពិកហ្គេម៣លើកបានចាត់ទុកថា «ទិវាអូឡាំពិក-Olympic Day» គឺជាការដាស់ស្មារតីប្រជាពលរដ្ឋឲ្យចូលរួមលេងកីឡាកាន់តែច្រើន ដើម្បីទទួលបានសុខភាពល្អ និងចូលរួមយុទ្ធនាការ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

នេះជាការលើកឡើងរបស់អត្តពលិកអូឡាំពិក (Olympian) របស់កម្ពុជាទាំងពីររូប នៅក្នុងឱកាសចូលរួមចែករំលែកបទពិសោធន៍ និងបទបង្ហាញធ្វើលំហាត់ប្រាណ ក្នុងកម្មវិធីអបអរសាទរ «ទិវាអូឡាំពិក» លើកទី១២៧ ឆ្នាំ២០២១ កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយយុទ្ធនាការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ និងជាម្ចាស់មេដាយកីឡាស៊ីហ្គេម ៣ជំនាន់ ស៊ន សៀវម៉ី បានលើកឡើងថា ស្របតាមពាក្យស្លោក “ប្រជាជនម្នាក់លេងកីឡាមួយមុខ” ទិវាអូឡាំពិក នឹងដាស់ស្មារតីប្រជាពលរដ្ឋ និងយុវជនគ្រប់រូបឲ្យងាកមកលេងកីឡា។ ម្យ៉ាងស្ថិតក្នុងបរិបទកូវីដ-១៩ ការលេងកីឡា នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដែលអាចចៀសឆ្ងាយពីជំងឺរាតត្បាតជាសកលនេះ ហើយថែមទាំងជាកម្លាំងចលករមួយចូលរួមលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់កីឡាករ-កីឡាការិនី ដែលត្រូវចូលរួមប្រកួតតំណាងជាតិ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាទៀតផង។រីឯអតីតកីឡាការិនី ដែលទើបវិវត្តន៍ខ្លួនទៅជាគ្រូបង្វឹក ហែមថុន វិទិនី បានសម្ដែងនូវក្តីរីករាយ ដែលបានចូលរួមចែករំលែកបទពិសោធន៍ និងបង្ហាញនូវរបៀបហាត់ប្រាណងាយៗដល់ប្រជាពលរដ្ឋ សម្រាប់យកទៅអនុវត្តតាមផ្ទះរៀងៗខ្លួន។ អត្តពលិកអូឡាំពិករូបនេះ ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមលេងកីឡា ហើយបានលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីទាំងអស់ ជម្នះនូវរាល់ឧបសគ្គទាំងឡាយ ដោយការតាំងស្មារតី និងខិតខំប្រឹងប្រែងហ្វឹកហាត់ ហ៊ានដាក់ក្តីស្រមៃ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាកីឡាករ កីឡាការិនីឆ្នើម ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃពុធម្សិលមិញ ដោយមានកីឡាករ-កីឡាការិនីជម្រើសជាតិ និងមហាជនជាច្រើនចូលរួមតាមប្រព័ន្ធ Zoom ក្រោមវត្តមានភ្ញៀវកិត្តិយស២រូប គឺកីឡាការិនី ស៊ន សៀវម៉ី និងកញ្ញា ថែមថុន វិទិនី៕

មតិ