២ថ្ងៃបង្ក្រាបគ្រឿងញៀនជិត៤០គីឡូក្រាម ឃាត់ខ្លួនបាន៨នាក់ មានទាំងកាំភ្លើងទំនើប

0
291

បន្ទាយមានជ័យ គ្រឿងញៀនជិត៤០គីឡូក្រាម និងជនសង្ស័យ៨នាក់ត្រូវបានបង្ក្រាបនៅខេត្តបន្ទាយមានជ័យ ដែលប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២ករណី បានធ្វើឡើងកាលពីថ្ងៃទី១៦មិថុនា ឆ្នាំ២០២១ ស្ថិតភូមិសាស្ត្រស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបករណីទី១ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦មិថុនាឆ្នាំ២០២១ នៅចំណុចផ្ទះល្វែង១កន្លែងស្ថិតភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យ៤នាក់ មានឈ្មោះ រ៉ុង យ៉ីហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ , ឈ្មោះរ៉ុង គីមហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ, ឈ្មោះ សុខ សេថា ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ វ៉ាន់ ឈីដា ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិថៃ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសបានវត្ថុតាង ម្សៅក្រាមសង្ស័យសាធាតុញៀនចំនួន៣៣កញ្ចប់ធំ, ម្សៅក្រាមសថ្លាសង្ស័យសាធាតុញៀន៥ថង់, ថ្នាំច្រកពណ៌ផ្កាឈូក២កូនថង់, ថ្នាំគ្រាប់ពណ៌ក្រហមរាងមូល១ថង់២គ្រាប់, ថ្នាំច្រកថង់ពណ៌ខៀវ២កញ្ចប់,  ថ្នាំគ្រាប់ពណ៌ត្រួចចេករាងចតុកោណ២ថង់, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង និងមធ្យោបាយដឹកជញ្ចូនរថយន្ត១គ្រឿង, ម៉ូតូ១គ្រឿង។

ចំណែកការបង្ក្រាបករណីទី២ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦មិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ នៅផ្ទះជនសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុសអាយុ៥៥ឆ្នាំ បានគេចខ្លួនបាត។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់មានឈ្មោះ ឡុង សំរិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ , .ឈ្មោះ ហែម វ៉ាន់លី ភេទប្រុស អាយុ៥៥ឆ្នាំ, ឈ្មោះ គួន ស្រីឡាន់ភេទស្រី អាយុ៣៣ឆ្នាំ និងឈ្មោះ សេង ស្រីនិ ភេទស្រី អាយុ២៣ឆ្នាំ។ សមត្ថកិច្ចបានឆែកឆេរក្នុងផ្ទះនោះ ដោយរកឃើញវត្ថុតាងថ្នាំញៀនទឹកប្រភេទដបចំនួន៥ប្រអប់ស្មើ១២៥ដប, ថ្នាំញៀនប្រភេទគ្រាប់ចំនួន៦៣គ្រាប់ , ថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហមចំនួន៥៥គ្រាប់, ថ្នាំញៀនគ្រាប់ពណ៌ខៀវចំនួន៨គ្រាប់ , ថ្នាំញៀនប្រភេទម្ស៉ៅក្រាមសថ្លា១កញ្ចប់និង១កូនថង់តូច, អាវុធខ្លីម៉ាក់ឡុក១ដើមមាន១៦គ្រាប់ និងរថយន្តតូយូតាព្រុស១គ្រឿង។ សមត្ថកិច្ចមិនទាន់បញ្ជាក់ចំនួនគ្រឿងញៀនច្បាស់លាស់នៅឡើយ ប៉ុន្តែគេសន្និដ្ឋានថា អាចមានទម្ងន់ជិត៤០គីឡូក្រាម ៕

មតិ