ឯកឧត្តមបណ្ឌិត ថោង ខុន៖ អ្នកស្ម័គ្រចិត្តមានសារៈសំខាន់ណាស់សម្រាប់ស៊ីហ្គេម ២០២៣

0
107

រាជធានីភ្នំពេញ៖ បន្ទាប់ពីប្រជុំវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការសកម្មភាពនៃគណៈកម្មការអ្នកស្ម័គ្រចិត្ត នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសំរេចនឹងយកអ្នកស្ម័គ្រចិត្តប្រមាណ១ម៉ឺនអ្នកចូលរួមជួយរៀបចំព្រឹត្តិការណ៍ដ៍អស្ចារ្យ ខាងមុខនេះ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា៖ ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំការគ្រប់គ្រងការរៀបចំផែនការ និងមានភាពគ្រប់ជ្រុងជ្រោយរបស់ឯកឧត្តម សុខ សប្បាយណា ដែលធ្លាប់មានបទពិសោធខ្ពស់នាពេលកន្លងមក។ យើងឃើញថា អ្វីដែលជ្រើសរើសក្នុងការរៀបចំរបៀបនៅក្នុងបទបង្ហាញនេះ គឺមានភាពលម្អិតល្អ ហើយមានយុទ្ធសាស្ត្រច្បាស់លាស់ ហើយមានដាក់ចេញនូវយន្ដការប្រទាក់ក្រឡាគ្នាបានល្អ ទាំងការបណ្ដុះបណ្ដាល ទាំងការរកប្រភពរៀបចំជ្រើសរើសអ្នកស្ម័គ្រចិត្ត ហើយក៏ដូចជាការធ្វើឲ្យអ្នកស្ម័គ្រចិត្តមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើឲ្យព្រឹត្តិការណ៍ទាំងមូល មានភាពជោគជ័យ ឬមិនជោគជ័យទៅលើអ្នកស្ម័គ្រចិត្តដែលមាននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងពេលប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

ឯកឧត្តមបន្ថែមថា «នេះជាការពិនិត្យឡើងវិញ ហើយការដាក់ចេញនូវយុទ្ធសាស្ត្រការរៀបចំច្បាស់លាស់អំពីឯកសារយុទ្ធសាស្ត្រនយោបាយ និងផែនការសកម្មភាពការងាររបស់ខ្លួនពីមួយដំណាក់កាល ទៅមួយដំណាក់កាល រហូតដល់ឆ្នាំ២០២៣ ដែលយើងត្រូវការប្រមាណ១ម៉ឺននាក់។នៅក្នុងចំនួននេះ អ្នកស្ម័គ្រចិត្តនៅក្នុងប្រទេស និងអ្នកស្ម័គ្រចិត្តនៅក្រៅប្រទេស ហើយជនពិការក៏ត្រូវបានអនុញ្ញាតឲ្យធ្វើជាអ្នកស្ម័គ្រចិត្តដែរ រួមទាំងមនុស្សចាស់ៗកម្រិតណាមួយ ដែលគាត់នៅមានកាយសម្បទា ដែលអាចធ្វើការបាន ដឹងព័ត៌មាន ក៏អាចចូលរួមក្នុងក្រុមអ្នកស្ម័គ្រចិត្តបានដែរ ដូចជាគ្រូបង្វឹក មន្ត្រី កីឡាករចាស់ៗ ដែលគាត់ចង់ឃើញ និងចង់ចូលរួម ពោលគឺបើកចំហដល់គ្រប់មជ្ឈដ្ឋានទាំងអស់។

ជាទូទៅ ការរៀបចំឲ្យមានអ្នកស្ម័គ្រចិត្ត គឺការរៀបចំកម្លាំងមនុស្សឲ្យពេញលក្ខណៈ ក្រៅពីកម្លាំងជំនាញ ក្រៅពីកម្លាំងបច្ចេកទេស គឺកម្លាំងអ្នកស្ម័គ្រចិត្តនេះហើយ ដែលជាតម្លៃពិសេស សម្រាប់ជោគជ័យនៃស៊ីហ្គេម បើខ្វះពួកគាត់គឺកម្លាំងរបស់យើងមិនគ្រប់គ្រាន់ទេ អ៊ីចឹងនៅក្នុងនេះ គឺយើងបានធ្វើទៅតាមផែនការមេរបស់ស៊ីហ្គេម ដោយរលូនហើយមានទំនុកចិត្តខ្ពស់នៅក្នុងការរៀបចំ»៕

មតិ