លោកហែម​ ដារិទ្ធិ​ អភិបាលខណ្ឌពោធិ៍សែនជ័យវិជ្ជមានកូវីដ១៩

0
177

ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ពី​មន្រ្តី​សាលាក្រុង​ភ្នំពេញបាន​ឲ្យ​ដឹង​ថា អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ​​ពិត​ជា​បាន​ឆ្លង​កូវីដ​១៩មែន តែ​មិន​បញ្ជាក់​បន្ថែម​ថាលោក​ឆ្លង​តាំង​ពី​ពេលណា និង​ប៉ះពាល់​ទៅ​អ្នក​ណា​ខ្លះ​ទេ។

មុន​ឆ្លងកូវីដ១៩ ​លោកហែម ដារិទ្ធិ​ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ ចូលរួម​​កម្មវិធី​​ធំៗ ៥ ពាក់ព័ន្ធ​មនុស្ស​រាប់ពាន់​នាក់។

ថ្ងៃទី១​ មិថុនា​ ឆ្នាំ២០២១​ លោក​ ហែម​ ដារិទិ្ធ​ អភិបាល​ បាន​ចូលរួម​ពិធី​ប្រគល់ប័ណ្ណចាក់វ៉ាក់សាំង (SINORHARM) ការពារជម្ងឺកូវីដ១៩ ក្នុងសង្កាត់ចោមចៅទី១​ ជូនដល់បងប្អូន​ប្រជាពលរដ្ឋ​ និង កម្មករ​-កម្មការនី​ ដែលបានចាក់វ៉ាក់លេីកទី២រួច។

ថ្ងៃទី៥​ មិថុនា​ លោក ហែម ដារិទ្ធិ បាន​អមដំណើរ​ឯកឧត្តម​ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​នាំយកអំណោយទៅ​ចែកជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងតាមបន្ទប់ជួល ចំនួន៧.៩៨៨គ្រួសារ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្ងៃទី៣១​ ឧសភា​ ឆ្នាំ២០២១​ លោក ហែម ដារិទ្ធិ បានចូលរួមពិធី​ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មករ និយោជិត ដែលមកទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ប្រមាណជាង ១២៨១ នាក់ ពីវិទ្យាស្ថានវិទ្យាសាស្ត្រ​សុខាភិបាល​ខេមៈ​ភូមិន្ទ​ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ​ នឹម​ មាល។

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២១លោក ហែម ដារិទ្ធិ បានចូលរួមពិធី​ទទួលអំណោយពីអង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានឧបត្ថម្ភសម្ភារៈ​ជូនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បី​ចូលរួម​ទប់ស្កាត់ការរីករាលដាលនិងជម្ងឺកូវីដ-១៩ ។ ក្នុងឱកាសនោះដែរអង្គរការឆឺជី និងក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បន្តចែកសម្ភារៈបរិក្ខាការពារជូនដល់កងកម្លាំង និងកម្លាំងប្រជាការពារនៅតាមគោលដៅដែលមានចំនួន០៦កន្លែង ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមគោលដៅនីមួយៗ។

សៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១លោក ហែម ដារិទ្ធិ​​ បានបេីកកិច្ចប្រជុំជាមួយចៅសង្កាត់ទាំង​ ៧​ និងប្រធានផ្សាររដ្ឋទាំងបី​ ដើម្បី​ជជែកពិភាក្សា​លើ​ការងារ​ត្រៀម​បើក​ដំណើរការ​ផ្សារ​រដ្ឋ​ឡើងវិញ រួមទាំង​​វិធានការ​សុខាភិបាល​​​នៅ​តាមអាហារដ្ឋាន និង​ទីតាំង​អាជីវកម្មនានា៕

មតិ