រឿងសត្វសារិកាកែវងាប់ ក្មេងស្រី២នាក់បងប្អូន មិនទាន់ទទួលបានយុត្តិធម៌ទេ ខណៈជនបង្ក រត់ទៅថៃបាត់ហើយ ហើយអ្នកចូលរួមរំដោះជនបង្កគឺជាអ្នកណា?

0
130

ខេត្តឧត្តរមានជ័យ ៖ ប្រហែលជាបងប្អូនមិនទាន់ភ្លេចទេ រឿងរ៉ាវ ដែលក្មេងស្រី ជាអនីតិជន២នាក់បងប្អូនបង្កើត ត្រូវបានគេធ្វើទារុណកម្មយ៉ាងសាហាវ ដោយយករំពាត់ វាយបែកឈាម ពេញខ្នង គ្រាន់តែធ្វេសប្រហែស ធ្វើអោយសត្វសារិកាកែវ២ក្បាលងាប់ រហូតមកដល់ពេលនេះ ក្មេងស្រីរងគ្រោះ មិនទាន់ទទួលបានយុត្តធម៌នៅឡើយទេ ខណៈដែលជនបង្ក កំពុងមានសេរីភាព ដោយរត់គេចខ្លួនទៅកាន់ប្រទេសថៃ ។ បើតាមប្រភពព័ត៌មានដែលទទួលបានអោយដឹងថា មានមនុស្ស២នាក់វាយបានធ្វើការវាយដុំ ទៅលើក្មេងស្រីទាំងពីរនាក់នោះ ដោយម្នាក់ ឈ្មោះ ពែង សាំងលីន ហៅហៀញ ភេទស្រី អាយុ៤២ឆ្នាំ បានវាយលើក្មេងស្រីទាំង២នាក់មុន បន្ទាប់ ឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន អាយុ២៣ឆ្នាំ ដែលត្រូវជាកូនរបស់ឈ្មោះ ពែង សាំងលីន បានបន្តវាយទៅលើក្មេងស្រី ទាំង២នាក់ រហូតដល់បែកឈាម និងមានស្នាម ពេញខ្នង។
ក្រោយមកគេឃើញគណនី ហ្វេសបុក ឈ្មោះ Pui Osmach ដែលជាម្ចាស់សត្វសារិកាកែវ និងត្រូវជាប្អូន របស់ឈ្មោះ ពែង សាំងលីន បានសរសេររៀបរាប់ថា “ដោយសារទុកចិត្តទៅលើក្មេងៗ នៅជាមួយយើងពេក ខំឲ្យលុយវាទៅទិញចំណីរាល់ថ្ងៃ ពេលសួរវា បានដាក់ចំណីឲ្យសារិកាកែវអត់? វាថាដាក់ឲ្យរាល់ថ្ងៃ ហើយពេលនេះបានទៅមើលផ្ទាល់ បែរជាសារិកាកែវងាប់ទាំងពីរ តើគួរដាក់ទោសបែបណា ណ៎?”។ សូមបញ្ជាក់ថា ជនរូបនេះ មិនបានចូលរួមវាយទៅលើក្មេងស្រីទាំង២នាក់នោះទេ។
ពាក់ព័ន្ធករណីហិង្សាខាងលើនេះ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាកម្លាំង អធិការនគរបាល ក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល អូរស្មាច់ ធ្វើការស្រាវជ្រាវ ករណីហិង្សាដោយចេតនា លើអនិតិជន ដែលបានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង៦ល្ងាច នៅចំណុច ផ្លូវលេខ៤ ភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ហើយកម្លាំងនគរបាល ខេត្តឧត្តរមានជ័យ កំពុងស្រាវជ្រាវ ស្វែងរក ជនសង្ស័យ និងកសាងកំពុងសំណុំរឿងតាមច្បាប់ករណី ហិង្សា ដោយចេតនាលើអនិតិជន។
គួររំលឹកថា ជនសង្ស័យ បានធ្វើសកម្មភាព យករំពាត់ មែកឈើ វាយទៅលើជនរងគ្រោះ ឈ្មោះ ផាត លីហ្សាប ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិកើតហេតុ និង ឈ្មោះ ផាត ស្រីង៉ិក ភេទ ស្រី អាយុ១០ឆ្នាំ មានទីលំនៅភូមិកើតហេតុ (ទាំង២នាក់ ជាក្មេងកំព្រាដោយ ឪពុក.ម្តាយ ជាប់ពន្ធនាគារ) បណ្ដាលឲ្យមានស្នាមរបួស នៅលើខ្នងជាច្រើនកន្លែង។ ក្រោយពីទទួលរងនូវអំពើហិង្សា អាជ្ញាធរ មូលដ្ឋាន រួមជាមួយស្ថាប័នពាក់ព័ន្ធ បានចុះទៅដល់ទិតាំងកើតហេតុ និងបាននាំរំដោះក្មេងស្រីទាំង២នាក់ រួមជាមួយប្អូនម្នាក់ទៀត យកទៅកាន់ មណ្ឌលកុមារកំព្រា មួយនៅខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា មូលហេតុខឹងក្មេងស្រីទាំង២នាក់ ធ្វើឲ្យសត្វ សារិកាកែវ ងាប់ចំនួន២ក្បាល ព្រោះក្មេងស្រីទាំង២នាក់ ភ្លេចដាក់ ទឹកនិងចំណី ឲ្យសត្វសារិកាកែវ ផឹក ស៊ី។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ និងកសាងកំពុងសំណុំរឿងតាមនិតិវិធី ច្បាប់។
ប្រភពព័ត៌មាន បានបង្ហើបទៀតថា គណនី ហ្វេសបុក ឈ្មោះ Pui Osmach គឺជាមន្រ្តីធ្វើការនៅច្រកព្រំដែនអូស្មាច់ ខាងព្រំប្រទល់ថៃ ។ ហើយមតិមហាជនកំពុងតែចង់ដឹងថា តើអ្នកណា មានសិទ្ធអំណាចអាចរំដោះ ជនបង្កទារុណកម្មលើក្មេងស្រីជា អនីតិជន អោយរត់គេចខ្លួន ចូលទឹកដីថៃបាន ខណៈពេលដែលកំពុងផ្ទុះជំងឺកូវីដ១៩នេះ ៕

មតិ