រកឃើញមនុស្សស្លាប់២នាក់ ក្នុងគ្រោះអគ្គិភ័យឆេះឃ្លាំងស្ដុកទំនិញហើយ ខណៈនេះកម្លាំងជំនាញកំពុងពន្លត់ និងយកគ្រឿងចក្រកាយរុករកបន្ត នៅសង្កាត់ទួលស្វាយព្រៃទី១

0
232

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានរកឃើញសាកសពមនុស្ស២នាក់ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ដែលបានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងស្ដុកទំនិញ នៅចំណុចដីឡូតិ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង១២ និង៤៥នាទីយប់រំលងអាធ្រាត្រ។ ក្នុងហេតុការណ៍នេះ ក្រុម អ្នកអន្តរាគមន៍ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន ៤៥គ្រឿង ហើយព្រឹកនេះ កម្លាំងជំនាញកំពុងពន្លត់ភ្លើងបន្ត និងយកគ្រឿងចក្រកាយរុករកទៀតផង។ នៅពេលនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការពិនិត្យសាកសពរបស់ជនរងគ្រោះទាំងពីរនាក់ ដែលបានស្លាប់ក្នុងហេតុការណ៍នេះ។

សូមបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះឃ្លាំងស្កុកទំនិញមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅម៉ោង១២ និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូតិ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ ពួកគាត់បានលឺសំលេងផ្ទុះចេញពីឃ្លាំង ដែល អគ្គិភ័យ ឆាប់ឆេះនេះ ហើយក៏ស្រាប់ តែលេចចេញជាអណ្ដាតភ្លើងឆេះយ៉ាង ខ្លាំង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ។ ក្រោយ ឃើញបែបនេះ ប្រជាពលរដ្ឋដែល នៅ ក្បែរនោះ បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីហៅរថយន្ដពន្លត់អគ្គិភ័យឲ្យជួយអន្ដរាគមន៍។

តាមព័ត៌មានបឋមពីសមត្ថកិច្ច បានបញ្ជាក់ថា ទំហំនៃការខូចខាតឃ្លាំងនេះ គឺ ខូចអស់ទាំងស្រុងតែម្តង ហើយសម្ភារៈក្នុងឃ្លាំង រួមមាន៖ ថង់ប្លាស្ទិក គ្រឿងជ័រ និងសម្ភារៈជាច្រើនទៀត ត្រូវបានខូចខាតទាំងស្រុងដោយ សារ ភ្លើងឆាបឆេះខ្លាំងពេក។ រហូត មកដល់ពេលនេះ មិនទាន់មានរបាយការណ៍ បញ្ជាក់ពីមូលហេតុនៃការឆាបឆេះនោះទេ៕

មតិ