ភ្នំពេញ៖បុរសម្នាក់ត្រូវថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ បន្ទាប់ជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តធុនធំមិនស្គាល់ផ្លាកលេខ បើកមកបុកពីក្រោយ រួចកិនចំពីលើក្បាល។ ចំណែករថយន្តបង្កបើកទៅមុខរត់គេចខ្លួនបាត់។
ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង២និង៥០នាទីយប់ ថ្ងៃប្រហស្បតិ៍ទី៧ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចកងពលតូច ង៧០ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ខឿន ខាវ អាយុ២៣ឆ្នាំ មានស្រុកកំណើតភូមិតាខ្មៅ ឃុំកន្សោងអក ស្រុកកំពង់ត្របែកខេត្តព្រៃវែង។
អ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖មុនពេលកើតគេឃើញរថយន្តធុនធំមួយគ្រឿង មិនចាំផ្លាកលេខ បើកបរក្នុងទិសដៅពីជើងទៅត្បូង មកពីក្រោយ ខណៈមកដល់ចំណុចកើតខាងលើ បានបុកម៉ូតូសេ១២៥ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IE 1696 ជិះដោយយុវជនម្នាក់ ស្របគ្នានៅខាងមុខ ជ្រុលទៅបុកហើយកិនចំក្បាលបែកធ្លាយខួរស្លាប់គួរឲ្យរន្ធត់។
ចំណែករថយន្តបង្ក មិនបានឈប់ទទួលខុសត្រូវនោះទេ បានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល។
សមត្ថកិច្ចបានយកម៉ូតូទៅរក្សាទុកនៅខណ្ឌ ហើយស្រាវជ្រាវរករថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕