ប្រជុំឆ្លងរបាយការណ៍ការងារសម្រេចបានឆ្នាំ២០២០និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២១របស់គណៈអចិន្ត្រយ៍ CAMSOC…

0
66

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៩ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយបានត្រួតពិនិត្យលើរបាយការណ៍បូកសរុបការងារ ឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ២០២១។លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញពីសម្តេចប្រធាន CAMSOC នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសតែងតែជំរុញឲ្យគណៈអចិន្ត្រៃយ៍ត្រូវសកម្មក្នុងការរៀបចំលើកកិច្ចការរបស់ខ្លួន ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបានបន្តទៀតថា ទោះបីនៅក្នុងឆ្នាំ២០២០ យើងជួបប្រទះបញ្ហាខ្លះៗ ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែសកម្មភាពការងារ និងសមិទ្ធផលការងាររបស់ CAMSOC សម្រេចបានលើសពីការរំពឹងទុក។ សមិទ្ធផលឆ្នាំ២០២០ គឺជាកត្តាកំណត់សម្រាប់ជោគជ័យ ឆ្នាំ២០២៣ ដោយការងារឆ្នាំ២០២០បានធ្វើកិច្ចការ ជាច្រើនលើឯកសារគតិយុត្ត របៀបរបបការងារ យន្តការនៃសុខដុមនីយកម្មនៅក្នុងក្របខ័ណ្ឌការងារ CAMSOC។ ក្រៅពីការងារសំខាន់ៗ យើងក៏បានដាក់ចេញនូវគោលការណ៍ដោះស្រាយលើបញ្ហាប្រឈម និងការដាក់ចេញនូវទិសដៅសម្រាប់ឆ្នាំ២០២១ ហើយបញ្ហាធំដែលប្រឈមខ្លាំងនោះ គឺវិបត្តិជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់វិស័យនានាទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺវិស័យកីឡាក៏ទទួលរងនូវផលប៉ះពាល់ខ្លាំងដូចគ្នាផងដែរ។ នៅក្នុងផែនការមេ ស៊ីហ្គេម ២០២៣ ដែលដាក់ទិសដៅតាំងពីឆ្នាំ២០១៩កន្លងមករហូតដល់ឆ្នាំ២០២០នេះ ក៏មានកន្លែងខ្លះយើងអាចធ្វើបាន និងកន្លែងខ្លះទៀតគក៏មិនអាចធ្វើបានដែរ ព្រមទាំងការអាក់ខានមួយចំនួនលើផែនការអនុវត្តនៃការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី។ ប៉ុន្តែចាប់ពីឆ្នាំ២០២១ តទៅ យើងនឹងធ្វើកិច្ចការទាំងអស់កាន់តែសកម្ម ដោយឆ្នាំ២០២១ គឺជាឆ្នាំ ចាប់ផ្តើមដ៏សំខាន់ និងពិសេស នៃការអនុវត្តឆ្ពោះទៅរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ បើកាលណាគណៈកម្មការជំនាញទាំងអស់នៃ CAMSOC ដើរដោយស្វាហាប់ឆ្ពោះទៅរកគោលដៅពិតប្រាកដតាមផែនការកំណត់របស់យើង នោះគឺយើងជឿជាក់យ៉ាងមុតមាំថា យើងនឹងទទួលបាននៅជោគជ័យ។

លើសពីនេះទៅទៀតលោកបានបញ្ជាក់ជូនទៀតថា ចំពោះផែនការទិសដៅបន្តនៅឆ្នាំ២០២១ CAMSOC មានការងារត្រូវបន្តធ្វើច្រើនណាស់ ក្នុងនោះក៏កម្ពុជាត្រៀមខ្លួនចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម ហើយឆ្នាំ២០២១ គឺត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ រីឯឆ្នាំ២០២២ គឺជាឆ្នាំអនុវត្តបន្តនូវអ្វីដែលសម្រេចបាន ក្នុងឆ្នាំ២០២១ ដូច្នេះនៅក្នុងឆ្នាម២០២១ ខាងមុខនេះ គឺយើងត្រូវសម្រេចឲ្យបាននូវការងារទូទៅនៅក្នុងផ្នែកបច្ចេកទេស ដូចជាទីលានប្រកួត ការកំណត់ប្រភេទកីឡា វិញ្ញាសាប្រកួតថាតើត្រូវកំណត់មានចំនួនប៉ុន្មាន។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ CAMSOC គ្រោងនឹងរៀបចំមហាសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកទិសដៅបន្ត ដោយគ្រោងនឹងពិភាក្សាគ្នាបញ្ហាទូទៅ បញ្ហាប្រឈម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមឆ្ពោះទៅឆ្នាំ២០២៣ ដើម្បីឲ្យទទួលបានជោគជ័យ៕

មតិ