ការប្រកួតបាល់ទាត់ដណ្ដើមពានវ័យចាស់អបអរទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២១ បន្ថែមពានថ្មីមួយទៀត និងក្រោមប្រធានបទថ្មីដែរ គឺ «សារៈសំខាន់ នៃប្រាក់រៀលសម្រាប់កម្ពុជា »

0
107

ភ្នំពេញ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់វ័យចាស់ ៧មករា តេជោសន្ដិភាព ដែលរៀបចំដោយ ក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព នឹងបើកការប្រកួតរដូវកាលទី៥ ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ដោយគណៈកម្មការ នឹងបង្កើតពានថ្មីមួយទៀត គឺពានរង្វាន់ប៉េណាល់ទី ក្រោមប្រធានបទថ្មីដែរ គឺ «សារៈសំខាន់ នៃប្រាក់រៀលសម្រាប់កម្ពុជា »

លោក អ៊ុច ពិសាល តំណាងឯកឧត្តម ជុំ កុសល ប្រធានកិត្តិយសសម្ព័ន្ធយុវជនស្រលាញ់ សន្ដិភាព បានបញ្ជាក់ថា ការប្រកួតឆ្នាំនេះធ្វើឡើងទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដោយកើនក្រុមចូលរួម ដល់១០ក្រុម អ្វីដែលពិសេស គណៈកម្មការបានបង្កើតឲ្យមានពានចំនួន២ គឺពានធំ សម្រាប់ ការប្រកួត ១១នាក់ធម្មតា និងពានរង្វាន់ថ្មីមួយទៀត គឺពានរង្វាន់ប៉េណាល់ទី ពាន់រង្វាន់ ប៉េណាល់ ទីនេះគណៈកម្មការតម្រូវឲ្យក្រុមទាំងអស់ ក្រោយបញ្ចប់ការប្រកួត ត្រូវចូលរួមប្រកួតទាត់បាល់ ប៉េណាល់ទី ១១ម៉ែត្រ ដើម្បីដណ្ដើមពាននេះ

លោក អ៊ុច ពិសាល បន្តថា រីឯគោលបំណង នៃការប្រកួតពានរង្វាន់វ័យចាស់នេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺធ្វើឡើងដើម្បីចូលរួមអបអរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤២ សម្រាប់ឆ្នាំ២០២១ និងចូលរួមលើកកម្ពស់ការលេងកីឡា ក្នុងន័យរឹតចំណងមិត្តភាពសាមគ្គីភាព និងសុខភាព រវាងក្រុមវ័យចាស់ តាមក្រសួងស្ថាប័ននានា ជាមួយគ្នានេះពាន ៧មករា ឆ្នាំ២០២១ ធ្វើឡើងក្រោមប្រធានបទថ្មីដែរ គឺ «សារៈសំខាន់ នៃប្រាក់រៀលសម្រាប់កម្ពុជា »

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់វ័យចាស់ ៧មករា តេជោសន្ដិភាព ឆ្នាំ២០២១នេះ មានក្រុមចូលរួមទាំង១០ក្រុមបែងចែកជា ២ពូល ក្នុងពូលA គឺមានក្រុមវ័យចាស់កងយោធពលខេមរភូមិន្ទ, ក្រុម TN Kandal, ក្រុមសម្ព័ន្ធយុវជនស្រលាញ់ សន្ដិភាពខេត្តរតនគិរី, ក្រុម CCCCFC និងក្រុម 7 Clean Football Team រីឯពូល B គឺមានក្រុម Khmer United, ក្រុមមហាហង្សវ័យចាស់, ក្រុមសម្ព័ន្ធយុវជន ស្រលាញ់ សន្ដិភាព, ក្រុម CCMP FC និងក្រុម 7NG Soccer Team ចំណែកឯវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយកលេខ១ និង២ ទាំង២ពូល មកប៉ះគ្នា ដើម្បីបន្តឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមយកពានតែម្តង

មតិ