ភ្ញាក់ពីដេកព្រឹកឡើងបាត់ម៉ូតូអស់ពីរគ្រឿងក្នុងបន្ទប់ផ្ទះជួលក្នុងខណ្ឌសែនសុខ…

0
232

រាជធានីភ្នំពេញ៖ យុវជន២នាក់បានរត់ទៅរកសមត្ថកិច្ចអោយជួយទាំងព្រឹកព្រោះតែពេលដែលភ្ញាក់ពីដំណេកភ្លាមបាត់ម៉ូតូរបស់ខ្លួនអស់ពីរគ្រឿង តែចោរចិត្តធម៌បានបន្សល់ទុកអោយវិញនូវម៉ូតូដ៏កញ្ចាស់មួយគ្រឿងអោយវិញ ។ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ប្រហែល៣ព្រឹកព្រលឹម ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រាពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ម៉ូតូដែលចោរលួចទៅបាត់នោះម៉ាក ឌ្រីមសង់ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1D-5312 និង មួយគ្រឿងទៀតម៉ាក ស៊ុយហ្ស៊ុយគី បីត ពណ៌សខៀវ ឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប1Z-8740 ដោយឡែកម៉ូតូដែលចោរបន្សល់ទុកអោយវិញនោះម៉ាក ហុងដាគុបជ្រុង៥០សេពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។

បើតាមសម្តីជនរងគ្រោះទាំងពីរបានអោយដឹងថា រូបគេទាំង២នាក់ទើបតែមកនៅបន្ទប់ផ្ទះជួលខាងលើនេះបានប្រហែល១ខែទេ មិនបានស្គាល់គេឯងច្រើនស្នាក់នៅបន្ទប់ផ្ទះជួលខាងលើនេះច្រើនទេ ហើយមុនពេលកើតហេតុរូបគេទាំង២នាក់ត្រឡប់មកផ្ទះវិញម៉ោងប្រហែល១១យប់ យកម៉ូតូទុកនៅជាន់ខាងក្រោមដូចសព្វដង ហើយក៏ឡើងទៅជាន់ទី៣ដើម្បីសម្រាក ។ លុះពេលព្រឹកឡើងចុះមកយកម៉ូតូដើម្បីជិះទៅក្រៅ ស្រាប់តែបាត់ម៉ូតូសូន្យឈឹង ទើបឆោឡោរត់ទៅប្តឹងសមត្ថកិច្ចតែម្តងទៅ ។បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា បន្ទប់ផ្ទះជួលខាងលើនេះគេតែងតែដាក់ម៉ូតូនៅជាន់ខាងក្រោមជារួម មិនមានអ្នកយាមទេ ហើយក្រុមអ្នកជួលបន្ទប់មានសោរទ្វារបងម្នាក់មួយ អាចចេញចូលបានដែលជាហេតុធ្វើងាយស្រួលដល់ជនខិលខួចដែលចង់ចេញចូលធ្វើសកម្មភាពណាស់ ។ ហើយករណីនេះអាចមានរនុកក្នុងជាអ្នកអោយដៃដល់ជនខាងក្រៅដើម្បីធ្វើសកម្មភាពលួច ព្រោះថា សោររបងផ្ទះអត់មានស្នាមកាត់ រឺខូចខាតអ្វីទេ ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទឹកថ្លាដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិ