រដ្ឋបាលខណ្ឌចំការមន បើកសិក្ខាសាលាសមាហរណកម្ម ផែនការសង្កាត់-ខណ្ឌ លើកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២១-២០២៣

0
62

ភ្នំពេញ   រដ្ឋបាលខណ្ឌចំការមន បានបើកសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ នៅថ្នាក់ខណ្ឌ សំរាប់កម្មវិធីវិនិយោគ បីឆ្នាំរំកិល២០២១២០២៣ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានលោកស៊ុយ សេរិទ្ឋ អភិបាលរងរាជធានីភ្នំពេញ លោក ថេងសុថុល អភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ នាយកទីចាត់ការផែនការ និងវិនិយោគរាជធានីភ្នំពេញប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោកលោកស្រី អភិបាលរងខណ្ឌ ព្រមទាំងចៅសង្កាត់ទាំង៥ មន្ទីរពាក់ព័ន្ធនានា និងបណ្តាអង្គការដៃគូ និងសប្បុរសជននានា។

អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១២០២៣ របស់ខណ្ឌ និងផែនការសង្កាត់ នៅថ្នាក់ខណ្ឌ សម្រាប់ឆ្នាំ២០២១ បានរៀបចំឡើងតាមផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះចាំបាច់ត្រូវ មានការចូលរួមគាំទ្រពីសំណាក់ អស់លោក លោកស្រី ដើម្បីឲ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាព នៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខណ្ឌបានបន្តថា គោលបំណងនៃការរៀបចំ សិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយគម្រោង វិនិយោគ អាទិភាពបីឆ្នាំរំកិល២០២១២០២៣ របស់ខណ្ឌ និងផ្សព្វផ្សាយ គម្រោងវិនិយោគអាទិភាព របស់សង្កាត់សម្រាប់អនុវត្តន៍ឆ្នាំ២០២១ និងស្នើសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការ ដៃគូរអភិវឌ្ឍន៍នានា និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់។

លោក ថេង សុថុល បានបង្ហាញពីលទ្ឋផល នៃការអនុវត្តន៍គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ដែលបានគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០១៩ កន្លងមក គម្រោងដែលទទួលបានការគាំទ្រ មាន៧១គម្រោង ក្នុងនោះមានផ្នែកសេដ្ឋកិច្ច ១៨គម្រោង, ផ្នែកសង្គមកិច្ច ចំនួន ៣១គម្រោង, ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិបរិស្ថាន ៩គម្រោង, ផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខចំនួន១៣គម្រោង លទ្ឋផលនៃការអនុវត្តគម្រោងរួចរាល់ មាន ចំនួន ៥៨គម្រោង និងកំពុងអនុវត្ត មានចំនួន ១៣គម្រោង

លោក ថេង សុថុល បញ្ជាក់ថា តម្រូវការគម្រោង សកម្មភាពអាទិភាពរបស់រដ្ឋបាលសង្កាត់ ខណ្ឌ រយៈពេលបីឆ្នាំខាងមុខនេះ មាន១០៥គម្រោង ក្នុងនោះ គម្រោងផ្នែកសេដ្ឋកិច្ច មាន ២០គម្រោង, ផ្នែកសង្គមកិច្ច មាន ៤៥គម្រោង, ផ្នែកធនធានធម្មជាតិ បរិស្ថាន២៥គម្រោង, ផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ១៥គម្រោង

ថ្លែងក្នុងអង្គសិក្ខាសាលាសមាហរណកម្ម ផែនការសង្កាត់ ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២១២០២៣ លោក ថេង សុថុលតាងនាមក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋទូទាំងខណ្ឌ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់បណ្តាអង្គការជាដៃគូ អភិវឌ្ឍន៍ មន្ទីរក្នុងការគាំទ្រ គម្រោងយ៉ាងច្រើនលើសលប់នាពេលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន

ក្នុងឱកាសនោះដែរ លោកស៊ុយ សេរិទ្ឋ អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់បណ្តាអង្គការ និងមន្ទីរពាក់ព័ន្ធនានា ត្រូវតែពិនិត្យគម្រោងអភិវឌ្ឍន៍ ថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់ឲ្យបានច្បាស់លាស់ គឺត្រូវតែញែកចេញពីគ្នាឲ្យដាច់ថា គម្រោងណាដែលយើងត្រូវគាំទ្រថ្នាក់ខណ្ឌ ហើយគម្រោងណាត្រូវគាំទ្រថ្នាក់សង្កាត់ ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍ទទួលបានជោគជ័យ

មតិ