សហព័ន្ធខ្មែរកីឡាហាប់គីដូ ផ្ដល់លិខិតបញ្ជាក់កម្រិតមធ្យមដល់កងកម្លាំងអង្គភាពប្រឆាំងភេរវកម្មចំនួន ១០នាក់

0
212

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហាប់គីដូ បានរៀបចំកម្មវិធី ដំណើរកម្រិតខ្សែក្រវ៉ាត់មធ្យម ដល់កងអន្តរាគមន៍ទី១ប្រឆាំងភារវកម្មខេត្តកណ្តាលចំនួន១០នាក់ បន្ទាប់ពីធ្វើការហ្វឹកហាត់ដោយជោកជ័យ រយៈពេល៣ខែនៅអង្គភាពរបស់ខ្លួន។

ពិធីប្រគល់លិខិតបញ្ញាក់និង កម្រិតខ្សែក្រវ៉ាត់នេះ បានរៀបចំឡើង នៅទីលានហ្វឹកហាត់របស់សហព័ន្ធលើកំពូលអាគារសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាក្នុងពហុកីឡដ្ឋានជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ លោក គង់ ធីណា អគ្គលេខាធិការនៃសហព័ន្ធ សមាជិកប្រតិបត្តិ លោកគ្រូបង្វឹកតាមបណ្តាលក្លិបខេត្តនានា និងកីឡាករកីឡាការិនីហាប់គីដូជាង១០០នាក់។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា ឱ្យដឹងថា៖ ការហ្វឹកហាត់នេះ ធ្វើឡើងក្រោយមានការជំរុញ និងលើកទឹកចិត្តពីមេបញ្ជាការរបស់សិក្ខាកាមទាំងអស់ ដែលញាំងឲ្យពួកគេខិតខំប្រឹងហ្វឹកហាត់ ដើម្បីមានភាពរហ័សរហួន សម្រាប់បម្រើការងារឲ្យអង្គភាពផង និងសង្គមជាតិផង «ដោយសារមានលក្ខខណ្ឌពិសេស អ្នកហាត់ទាំងអស់ គឺជាមន្ដ្រីនៅបញ្ជាការដ្ឋានកងអង្គរក្ស និងជាកងកម្លាំងអង្គភាពប្រឆាំងភេរវកម្ម សហព័ន្ធបានរៀបចំនូវស្នៀតពិសេសៗ សម្រាប់បង្ហាត់ដល់ពួកគេ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តជាក់ស្ដែង បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ ខុសពីការហ្វឹកហាត់របស់កីឡាករកីឡាការិនីធម្មតា…»

លោកបន្តថា៖ បើតាមពិតទៅខ្ញុំមានបំណងយូរហើយ ដែលចង់ដាក់បញ្ជូលក្បាច់គុនហាប់គីដូនេះ ទៅកាន់កងកម្លាំងទាំងអស់ ព្រោះក្បាច់គុនហាប់គីដូជាក្បាច់គុនដែលមានប្រសិទ្ធភាព ក្នុងការបង្ក្រាប់ឬទប់ទល់ជាមួយនឹងឧក្រិឧជន ដោយយើងមិនប្រើជាអំពើហឹង្សាខ្លាំង តែយើងមានត្រឹមជាក្បាច់ក្លេ ក្បាច់ចាប់អីនឹងដែលធ្វើឱ្យដៃគូររបស់យើងវាមិនមានគ្រោះថ្នាក់ធំ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រភេទកីឡាសម្បូរដោយបច្ចេកទេសការពារខ្លួននេះ មានក្លិបជាសមាជិកសហព័ន្ធចំនួន ក្នុងនោះក៏មានកីឡាករកីឡាការិនី ជាកងកម្លាំងនៅតាមអង្គភាពមួយចំនួនដែរ ទន្ទឹមជាមួយគ្នា សហព័ន្ធ កំពុងជំរុញការហ្វឹកហាត់ និងពង្រីកក្លិបទៅតាមបណ្ដាខេត្ត ដើម្បីពង្រីកសក្ដានុពលកីឡាហាប់គីដូនៅកម្ពុជាបន្ថែមទៀតផងដែរ៕

មតិ