មេដឹកនាំពិភពលោកសន្យាផ្តល់ការគាំទ្រ និងចូលរួមរំលែកទុក្ខដល់លីបង់ ក្រោយហេតុការណ៍ផ្ទុះដ៏កក្រើកផ្តាច់ជីវិតមនុស្ស៧៨នាក់ និងរបួសជាង៤ពាន់នាក់

0
244

លីបង់៖ ប្រទេសសម្ព័ន្ធមិត្តរបស់លីបង់បានផ្ញើសារចូលរួមរំលែកទុក្ខនៅថ្ងៃអង្គារនេះទៅដល់ជនរងគ្រោះទាំងអស់ ដែលបានទទួលមរណៈភាពក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត និងសន្យាផ្តល់ជំនួយដល់ប្រទេសមួយនេះផងដែរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីលីបង់លោក ហាសាន់ ឌាប បាននិយាយនៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា ខ្ញុំសូមអំពាវនាវជាបន្ទាន់ដល់ប្រទេសទាំងអស់ ដែលជាមិត្តភក្តិ និងជាបងប្អូន ក៏ដូចជាស្រលាញ់ប្រទេសលីបង់ អោយឈរក្បែរខ្លួន និងជួយយើងព្យាបាលរបួសដ៏ជ្រៅទាំងនេះផង រដ្ឋាភិបាលលីបង់ប្រកាសកាន់ទុក្ខរយៈពេល០៣ថ្ងៃ ដែលគិតចាប់ពីថ្ងៃពុធនេះ ក្រោយជនរងគ្រោះ៧៨នាក់បានស្លាប់ និងច្រើនជាង៤ពាន់នាក់រងរបួស ដោយសារករណីផ្ទុះដ៏កក្រើកមួយនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូតកាលពីថ្ងៃអង្គារម្សិលមិញ

មន្ត្រីមានសមត្ថកិច្ចលីបង់បានអះអាងថា ការផ្ទុះគឺបានកើតចេញពីឃ្លាំងស្តុកសារធាតុដែលអាចផ្ទុះឆេះ ដែលបានរក្សាទុកក្នុងឃ្លាំងនោះ អស់រយៈពេល ០៦ឆ្នាំមកហើយ ខណៈក្រុមស៊ើបអង្កេតលីបង់នៅតែបន្តការតាមដាន និងប្តេជ្ញាយកជនបង្ករឿងនេះ មកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរជាទីបំផុត

មតិ