អគ្គលេខាធិការ CAMSOC បញ្ជាក់ថា ការងារសំខាន់ៗជាយុទ្ធសាស្រ្តចំនួន៤ ត្រៀមឆ្លងថ្នាក់ដឹកនាំ ដើម្បីស៊ីហ្គេម ២០២៣ នៅកម្ពុជា

0
237

ភ្នំពេញ ÷ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ការងារសំខាន់ៗជាយុទ្ធសាស្រ្តចំនួន៤ បានយកមកពិភាក្សាសម្រេច ដើម្បីស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ការបញ្ជាក់នេះធ្វើក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ ត្រួតពិនិត្យលើវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន សម្រាប់ត្រៀមដាក់ឆ្លង សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ។

ពិធីនេះធ្វើឡើងក្រោមអធិបតីលោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់ក្រោយកិច្ចប្រជុំថា គោលបំណងសំខាន់នៃកិច្ចប្រជុំខាងលើ ផ្ដោតលើរបាយការណ៍ការងារ ដែលត្រៀមស្នើសុំការអនុម័យពីថ្នាក់ដឹកនាំ និងស្វែងរកនូវធាតុថ្មីៗបន្ថែម នៅក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ CAMSOC នាថ្ងៃទី០២ ខែកក្កដាខាងមុខនេះ ដើម្បីឈានទៅរកភាពជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា ។ អគ្គលេខាធិការ បញ្ជាក់ថា «ការងារដែលត្រៀមដាក់ឆ្លងថ្នាក់ដឹកមាំ CAMSOC នាថ្ងៃទី២នេះ មាន ទី១-របាយការណ៍ការងារសម្រាប់ឆមាសទី១ និងបញ្ហាមួយចំនួនពាក់ព័ន្ធគណៈកម្មការផ្សេងៗទៀត ដែលយើងបានធ្វើ និងបន្ដធ្វើទៀត ។ ទី២-ស្នើសុំការអនុម័តសម្រេច LOGO, Mascot និងបាវចនាស៊ីហ្គេម ។ ទី៣-ស្នើសុំកិច្ចសហការពីអាជ្ញាធររាជធានី-ខេត្ត ក្នុងការផ្សព្វផ្សាយស៊ីហ្គេម ដើម្បីបំផុស ចលនាកីឡាទៅកាន់មហាជន អោយមានការចាប់អារម្មណ៍ និងគាំទ្រ ។ ទី៤-ការកំណត់កាលបរិច្ឆេទរៀបចំ ASEAN Para Games លើកទី១២ បន្ទាប់ពីចប់ស៊ីហ្កេម លើកទី៣២…» ។
លោកវ៉ាត់ ចំរើន បន្ថែមថា ក្រៅពីស្នើរសុំការអនុម័យពីថ្នាក់ដឹកនាំ និងស្វែងរកនូវធាតុថ្មីៗបន្ថែម កិច្ចប្រជុំក៏បានជជែកពីការត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម ដែលជាស៊ីហ្គេមយុទ្ធសាស្ដ្រ ត្រៀមទទួលតំណែងម្ចាស់ផ្ទះផងដែរ ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣បានបើកកិច្ចប្រជុំជជែកពិភាក្សាជាង ១ខែកន្លងមក ដើម្បីឈានទៅរកភាពជោគជ័យ ក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដែលនៅសល់ពេលវេលាប្រមាណ ១,០៤០ថ្ងៃទៀត ៕

មតិ