រថយន្តកុងតឺន័រក្រុមហ៊ុនតេង​ ឡាយបើកបរលើផ្លូវបញ្ច្រាស បុកម៉ូតូBeat ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

0
114

ភ្នំពេញ យុវជនជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតត្រូវជាបងបង្កើត បានរងរបួស ធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណះកំពុងជិះម៉ូតូឌុបគ្នាហេីយត្រូវរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនតេងឡាយបេីកបរបញ្ច្រាស់ផ្លូវទៅបុកនិងកិនកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល

ជនរងគ្រោះដែលស្លាប់៖  ឈ្មោះ ឌឹម សំភ័ស្តភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ទើបតែសឹកពីបួសបាន៣ថ្ងៃ ត្រូវជាប្អូនចំណែកជនរងគ្រោះរបួសធ្ងន់ ជាបង មានឈ្មោះ ឌឹម សិទ្ធិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ហើយទាំង២នាក់ស្នាក់នៅផ្ទះជួល ភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល មានស្រុកកំណើត ភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ

ដោយឡែក អ្នកបើកបររថយន្តបង្ក សមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ ជុំ នាង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ បើកបររថយន្ត ក្រុមហ៊ុនតេងឡាយ មានទីលំនៅ ភូមិដក់ទឹក សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតៃន័រ ម៉ាកFUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-3371 អូសសណ្តោងរុឺម៉ក សឺមុី ដឹកទូកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-0902 បានបើកតាមផ្លូវបេតុងមានសួនទ្រូងផ្លូវចែកគន្លង ពីត្បូងទៅជើង តែលើផ្លូវបញ្ច្រាស លុះដល់ចំណុចខាងលើ បានបុកម៉ូតូ ម៉ាកBeat ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1O-2255 ជិះឌុបគ្នា២នាក់ បងប្អូន ក្នុងទិសដៅពីជើងទៅត្បូង ដែលបើកបរដោយជនរងគ្រោះជាបង បណ្តាលឲ្យស្លាប់ប្អូន របួសបង ម៉ូតូខ្ទេចមួយកំណាត់មុខ សមត្ថកិច្ចមូលដ្ឋានប្រចាំការក្បែរនោះឃាត់អ្នកបើកបរបាននាំទៅប៉ុស្តិ៍

តាមកម្មករសំណង់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា ក្នុងគោលបំណង់ចូលធ្វើការងារនៅក្បែរកន្លែងកើតហេតុ ទើបតែដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្ក បើកបរលើផ្លូវបញ្ច្រាសមកបុកបណ្តាលឲ្យស្លាប់និងរបួសតែម្តង

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ សង្គ្រោះចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ដោយឡែករថយន្តបង្ក និងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង នគរបាលវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី

មតិ