សូមមានការប្រុងប្រយត្ន័ខ្ពស់!!កុំដាក់ដបអាល់កុលក្នុងរថយន្តក្រោមកម្តៅថ្ងៃ…

0
347

សហរដ្ឋអាមេរិក៖ នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងរដ្ឋ Wisconsin របស់សហរដ្ឋអាមេរិកបានព្រមានដល់ពលរដ្ឋខ្លួនថា  មិនគួរទុកជែល ឬអាល់កុលលាងដៃ នៅក្នុងរថយន្តរបស់ពួកគេនោះឡើយ ព្រោះនៅពេលសីតុណ្ហភាពនៅខាងក្រៅចាប់ផ្ដើមឡើងកម្ដៅវាងាយនឹងមានការឆាបឆេះ ដោយសារតែទឹកសម្អាតមេរោគទាំងនោះមានជាតិអាល់កុល។នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បូករួមទាំងរូបភាពបន្សល់ពីការឆាបឆេះ នាយកដ្ឋានពន្លត់អគ្គីភ័យនៅ Western Lakes បានពន្យល់ថា៖ «ទុកវានៅក្នុងរថយន្តរបស់អ្នកក្រោមអាកាសធាតុក្តៅ ពន្លឺព្រះអាទិត្យនឹងបណ្តាលឱ្យមានការចាំងពន្លឺតាមរយៈដប ហើយជាពិសេសពេលវានៅកៀកអណ្តាតភ្លើង ដូចជាការជក់បារីក្នុងរថយន្ត ឬនៅពេលអ្នកកំពុងអាំងអ្វីមួយដើម្បីរីករាយថ្ងៃចុងសប្តាហ៍ អាចនឹងនាំឱ្យមានគ្រោះមហន្តរាយដល់អ្នក»។កាលពីមុននាយកដ្ឋាននេះក៏ធ្លាប់បាននិយាយពីបញ្ហាទុកដបទឹកសុទ្ធចោលនៅក្នុងរថយន្តផងដែរ ដោយរបៀបនៃការបង្កមហន្តរាយនៃវត្ថុទាំង ២ គឺវាមិនខុសគ្នាប៉ុន្មាននោះទេ។ ដបទឹកសុទ្ធនឹងធ្វើឱ្យមានការចាំងពីពន្លឺព្រះអាទិត្យទៅក្នុងរថយន្ត ហើយការចាំងនោះនឹងធ្វើឱ្យមានការឆេះក្នុងផ្នែកណាមួយនៃរថយន្ត ។

ការបង្ហាញពីហានិភ័យនៃការទុកទឹកអាល់កុល ឬជែលលាងដៃ ចោលក្នុងរថយន្តនេះ គឺមានឡើងបន្ទាប់ពីប៉ុន្មានខែកន្លងមក មនុស្សភាគច្រើនមានវាជាប់ខ្លួនដើម្បីជាអនាម័យទប់ទល់ការឆ្លងវីរុស COVID-19 ដែលវីរុសបានរំខានដល់ពិភពលោកជិតកន្លះឆ្នាំមកនេះ ដូច្នេះសូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបញ្ហាទាំងនេះ៕

មតិ