ប្រធានាធិបតីហ្វីលីពីនប្រកាសពន្យាពេលបិទរដ្ឋធានីម៉ានីល រហូតដល់ពាក់កណ្តាលខែឧសភាខាងមុខ ដើម្បីទប់ទល់នឹងមេរោគ COVID-19

0
276

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសពន្យាពេលបិទរដ្ឋធានីម៉ានីល រហូតដល់ថ្ងៃទី១៥ ខែឧសភា ខាងមុខ នេះបើតាមអ្នកនាំពាក្យរបស់លោកផ្ទាល់ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ។
ទន្ទឹមគ្នា ប្រធានាធិបតីហ្វីលីពីនរូបនេះ ថែមទាំងបានព្រមានដែរថា នឹងប្រកាសឲ្យប្រើប្រាស់ច្បាប់អាជ្ញាសឹក ប្រសិនបើក្រុមឧទ្ទាមភាគខាងត្បូងធ្វើការបង្អាក់ដំណើរការ នៃការផ្តល់ជំនួយសង្រ្គោះដល់ប្រជាជនហ្វីលីពីន ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺ COVID-19 ហើយលោកក៏បានស្នើឲ្យយោធាទាំងអស់ ត្រៀមខ្លួនដើម្បីអនុវត្តច្បាប់ផងដែរ ។ បន្ថែមលើនេះ លោក ឌូតឺតេ ក៏បានប្រកាសផ្តល់រង្វាន់ចំនួន៥០លានប៉េសូ ឬស្មើនឹង៩៨ម៉ឺន៦ពាន់ដុល្លារដល់ប្រជាពលរដ្ឋហ្វីលីពីនទាំងឡាយ ដែលអាចបង្កើតវ៉ាក់សាំងប្រឆាំងនឹងជម្ងឺរាតត្បាតសកលមួយនេះ ។
សូមជម្រាបថា នៅទូទាំងប្រទេសហ្វីលីពីន ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៦ពាន់៩៨១នាក់ ក្នុងនោះមានអ្នកជម្ងឺ៤៦២នាក់ស្លាប់ និងជាសះស្បើយឡើងវិញ៧២២នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ៕

មតិ