សំណង់ខុសច្បាប់សង់រំលោភដីចំណីផ្លូវ និងប្រឡាយ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ ត្រូវអាជ្ញាធរចាត់វិធានការ

0
126

ភ្នំពេញ ៖ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានបញ្ជាអោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោកជ គឹមស៊ អភិបាលរងខណ្ឌ និងកម្លាំងជំនាញប្រើធម៌ក្តៅចុះផ្អាកសំណង់ខុសច្បាប់មួយកន្លែងមិនឱ្យសាងសង់បន្ត ដោយបានរំលោភលើដីចំណីផ្លូវ និងប្រឡាយ១៦ម៉ែត្ររបស់រដ្ឋ តាមបណ្តោយផ្លូវព្រៃស ស្ថិតក្នុងភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

អាជ្ញាធរខណ្ឌដង្កោដែលបានចុះប្រតិបត្តិការណ៍ខាងលើបានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកស្រីអភិបាលខណ្ឌដង្កោ កម្លាំងបានចុះទៅធ្វើការឃាត់នូវសកម្មភាពសំណង់ផ្ទះខុសច្បាប់ ដែលបាននឹងកំពុងដំណើរការសាងសង់ លើដីចំណីផ្លូវ និងប្រឡាយប្រវែង១៦ម៉ែត្ររបស់រដ្ឋ ដោយបានបញ្ឍប់នូវសកម្មភាពជាងជាបន្ទាន់ កាត់ដែកសរសៃដែលកំពុងចាក់ជាសសរចេញ និងគាស់ក្តារពុម្ភចេញ ។

ជាមួយគ្នានេះ លោកជ គឹមស៊ អភិបាលរងខណ្ឌ ដែលចុះដឹកនាំកម្លាំងផ្ទាល់ បានហៅជាងសំណង់ចំនួន៥នាក់ មកធ្វើកិច្ចសន្យាភ្លាមៗដើម្បីបញ្ឍប់នូវការសាងសង់នេះជាបន្ទាន់ ព្រោះអ្នកទាំងអស់គ្នាគ្រាន់តែជាជាងមកធ្វើប៉ុណ្ណោះ មិនបានដឹងថាធ្វើទៅខុសច្បាប់នោះទេ តែបើធ្វើកិច្ចសន្យាហើយហ៊ានលួចលាក់សាងសង់បន្តទៀត នឹងមិនលែងលែងអោយទៀតទេ គឺចាប់យកទៅទទួលខុសត្រូវចំពោះមុខច្បាប់ ។ មួយវិញទៀតការទទួលម៉ៅការសំណង់ខាងលើ បើម្ចាស់មិនដោះស្រាយថ្លៃពលកម្ម សូមដាក់ពាក្យបណ្តឹងទៅលោកភ្លាម លោកនឹងធ្វើការដោះស្រាយជូន ។

លោកបន្ថែមថា មានការដ្ឋានស្ថានីយ៍ប្រេងឥន្ធនៈ ដោយបានសាងសង់ខុសច្បាប់ ដោយបានរំលោភលើដីចំណីផ្លូវ និងប្រឡាយ១៦ម៉ែត្ររបស់រដ្ឋ ដែលនៅក្បែរនេះដូចគ្នាក៏ត្រូវបានបញ្ឍប់នូវការសាងសង់បន្តផងដែរ ដែលសកម្មភាពនេះគឺជាសកម្មភាពខុសច្បាប់ទាំងស្រុង ។

សម្ភារៈនៃសំណង់ខុសច្បាប់ជាសសរដៃ និងក្តារពុម្ភ ត្រូវបានដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌដង្កោ ចំណែកសំណង់អាជ្ញាធរតម្រូវឱ្យម្ចាស់រុះរើចេញអោយដូចដើមជាបន្ទាន់ បើមិនដូច្នេះទេលោកនឹងបញ្ជាអោយគ្រឿងចក្រទៅកាយកំទេចចោល មានការខាតបង់មិនទទួលសុខត្រូវឡើយ ។ 

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ពីវិធានការដ៏តឹងរឹង និងគ្មានការយោគយល់ ក្នុងគោលបំណងទប់ស្កាត់ ការសង់សំណង់ខុសច្បាប់ និងចាក់ដីលុបប្រឡាយ លុបអាងស្តុកទឹក នៅក្នុងរាជធានីភ្នំពេញ ដែលកត្តាទាំងអស់នេះហើយ ដែលបានចូលរួមចំណែក នាំឲ្យទឹកជន់លិច នៅក្នុងរាជធានីភ្នំពេញនោះ ៕

មតិ