ពិតជាគួរឱ្យខ្លាច ! ធ្លាក់ដែកពីលើការដ្ឋានសំណង់អាគារ៤២ជាន់ចំរថយន្តសេរីទំនើបខូចខាតយ៉ាងដំណំ សំណាងគ្មានអ្នករងរបួស

0
309

ភ្នំពេញ ៖ ធ្លាក់ដែកពីលើការដ្ឋានសំណង់អាគារ៤២ជាន់ចំរថយន្តសេរីទំនើបខូចខាតយ៉ាងដំណំ សំណាងគ្មានអ្នករងរបួស ប៉ុន្តែបានបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកដំណើរឆ្លងកាត់ ។ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១នឹង២០នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្តុបពេទ្យចិន តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។

  ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានអ្នកដំណើរជាច្រើនបានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ខណះស្តុបពេទ្យចិនកំពុងតែមានភ្លើងក្រហមក៏ប្រជាពលរដ្ឋឈប់ស្តុបជាធម្មតា ខណះនោះស្រាប់តែមានដែកបានធ្លាក់ពីលើការដ្ឋានសំណង់អាគារ៤២ជាន់ ចំផ្នែកខាងក្រោយរថយន្តស័រដេស ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 បណ្តាលអោយរងការខូចខាតយ៉ាងដំណំ តែសំណាងមិនមានអ្នករងរបួសនោះទេ ដោយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរជាខ្លាំង ។ 

  ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានមកអន្តរាគមន៍នៅកន្លែងកើតហេតុ ចំណែកភាគីខាងរថយន្តបានបើករថយន្តចូលទៅក្នុងការដ្ឋានសំណង់ ដើម្បីធ្វើការសម្រួលសម្រួលគ្នាជៀសវាងការកកស្ទះចរាចរណ៍លើដងផ្លូវ ។ សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលការដ្ឋានសំណង់៤២ជាន់ មានការធ្វេសប្រហែសបណ្តាលឱ្យមានគ្រោះថ្នាក់ធ្លាក់ដែកពីលើជាលើកទី២ ដោយកាលពីពេលថ្មីៗកន្លងទៅ សរសៃដែកក៏ធ្លាប់បានធ្លាក់ចំរថយន្តម្តងរួចមកហើយដែរ ដូច្នេះអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គួរណែនាំ ឬមានវិធានការ ជៀសវាងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណើរកើតមានឡើង ៕

មតិ