ជើងឯកការ៉ាតេថ្នាក់ជាតិឆ្នាំនេះ នឹងបិទការក្រកួតនាថ្ងៃស្អែកនេះ

0
321

ភ្នំពេញ៖ បន្ទាប់ពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានសហព័ន្ធ កីឡាការ៉ាតេកម្ពុជា បានចូលរួមប្រកាសបើកការប្រកួតជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី៣ ខែតុលា កន្លងទៅថ្មីនេះ នៅក្នុងសាលការ៉ាតេដូនៃសាលាភូមិន្ទភ្នំពេញកន្លងទៅថ្មីៗនោះ នឹងត្រូវប្រកាសបិទការប្រកួតជាផ្លូវការនាថ្ងៃស្អែកទី៦ ខែតុលា វេលាម៉ោង១០ព្រឹក។

ការប្រកួតជើងឯកថ្នាក់ជាតិខាងលើវិញ គ្រោងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៦ ខែតុលា ឆ្នាំ២០១៩ ដោយមានកីឡាករ-កីឡាការិនីសរុប ១៦៦នាក់ មកពីសមាគម-ក្លឹប ចំនួន២១ ចូលរួម។ ចំពោះវិញ្ញាសាប្រកួតមាន៤ រួមមានវិញ្ញាសាកាតាឯកត្តជន កាតាជាក្រុម ប្រយុទ្ធឯកត្តជន និងប្រយុទ្ធជាក្រុម ហើយបែងចែកចេញជា ៣៦ប្រភេទ។

លោក លឹម គានហោ បានថ្លែងធ្ងន់ៗទៅក្រុមអត្តពលិកនាថ្ងៃបើកការប្រកួតថា៖ ថា «ទោះបីយើងមានការប្រកួតថ្នាក់ជាតិ ក៏ដូចជាបានចូលរួមប្រកួតលក្ខណៈអន្ដរជាតិ តែយើង ទទួលស្គាល់ កីឡាការ៉ាតេដូរបស់យើង នៅមានការខ្វះខាតនៅឡើយ។ ហើយអ្វីដែលជាការព្រួយបារម្ភរបស់ រូបខ្ញុំផ្ទាល់ (មិនមែនជាការព្រួយបារម្ភរបស់សហព័ន្ធទាំងមូល) គឺឆ្នាំ២០២៣ ដែលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ត្រូវខិតខំធ្វើយ៉ាងណាខំប្រឹងដណ្ដើមមេដាយឲ្យបានច្រើន។ តែបើយើងក្រឡេកមើលពេលវេលា គឺនៅខ្លីមែនទែន។ អញ្ចឹងទាមទារឲ្យមានការប្ដេជ្ញាខ្ពស់ណាស់ ដើម្បីសម្រេចគោលដៅ»។

លោកបន្តថា៖ «ខ្ញុំដាក់នូវការព្រួយបារម្ភខ្លាំងណាស់ ចំពោះបញ្ហានេះ ហើយបើនិយាយពីការគិតគូរ ការរៀបចំ ការចាត់ចែង ការដោះស្រាយនោះ គឺច្រើនណាស់ យើងត្រូវធ្វើច្រើនណាស់»។ លោក លឹម គានហោ បន្ថែម ហើយលោកក៏ បានប្រៀបធៀបជំនាន់លោកហ្វឹកហាត់ និងសម័យបច្ចុប្បន្ន ដែលមានការខុសគ្នាឆ្ងាយផងដែរ។ លោកថា បច្ចុប្បន្ន ទោះបីមានឧបត្ថម្ភ និងការលើកទឹកចិត្តគ្រប់បែបយ៉ាង ក៏កីឡាករ-កីឡាការិនីមិនសូវផ្ដោតអារម្មណ៍ ខ្លាំងដូចពីមុនដែរ។ កត្ដានេះហើយ ដែលទើបធ្វើឲ្យលោកមានការព្រួយបារម្ភ៕

មតិ