ក្រុមហ៊ុនតូយ៉ូតាចាប់ឆ្នោតប្រូម៉ូសិនយក្ស និង សម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០

0
68

ភ្នំពេញ ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានរៀបចំនូវកម្មវិធីចាប់ឆ្នោតផ្សងសំណាង ប្រូម៉ូសិនយក្ស ដែលជាកម្មវិធីចាប់ឆ្នោតធំ មិនធ្លាប់មានពីមុនមក និង ពិធីសម្ពោធរថយន្ត តូយ៉ូតា Rush TR ស៊េរីឆ្នាំ២០២០ នៅដឺ ព្រេមៀ សេនធ័រ សែនសុខ កាលពីវេលាល្ងាចថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ ។

មានប្រសាសន៍នៅក្នុងពិធី លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន បានបង្ហាញឲ្យ ដឹងថា នេះគឺជាកិត្តិយស ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំនូវកម្មវិធីចាប់រង្វាន់ពិសេសនេះឡើង ដើម្បីផ្តល់សំណាង ក៏ដូចជាថ្លែងអំណរគុណ ដល់អតិថិជន ដែលបានទិញរថយន្តតូយ៉ូតា ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៩ នេះ។ រង្វាន់ប្រូម៉ូសិនយក្ស ក្នុងរាត្រីនេះមានដូចជា៖ នាឡិកាដៃ Apple Watch ចំនួន ២០រង្វាន់, ទូរស័ព្ទ iPhone XS Max ចំនួន ១៨រង្វាន់ , ម៉ូតូ Yamaha Qbix ចំនួន ១១រង្វាន់ និងរង្វាន់ធំចុងក្រោយ គឺរថយន្តតូយ៉ូតា Hilux Revo Rally ស៊េរីថ្មី ឆ្នាំ២០២០ ចំនួន១រង្វាន់។

ឆ្លៀតក្នុងរាត្រីដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏មានរៀបចំនូវពិធីសម្ពោធ ជាផ្លូវការនៃ រថយន្តតូយ៉ូតា Rush TRD    ស៊េរីថ្មីឆ្នាំ២០២០ ដែលជារថយន្តកំពុងពេញនិយមខ្លាំង នាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា រថយន្តតូយ៉ូតា Rush នេះ ទើបតែនាំចូលក្នុងទីផ្សារប្រទេសកម្ពុជា បានមួយឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រ ពីសំណាក់អតិថិជនទូទាំងប្រទេស  គឺមានចំនួនច្រើនលើសលប់។ ហេតុដូចនេះ ទើបក្រុមហ៊ុន សម្រេចចិត្ត នាំចូលនូវរថយន្តតូយ៉ូតា Rush  TRD  មួយប្រភេទទៀត ដែលជារថយន្តប្រភេទស្ព័រ អមជាមួយនឹង គ្រឿងតុបតែងលម្អខាងក្រៅ ដែលរំលេចជាមួយនឹងអក្សរ TRD ធ្វើឲ្យតួរថយន្ត ទាំងមូលកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញ មួយកម្រិតទៀត។

ក្នុងឳកាសនេះ លោកប្រធានក្រុមហ៊ុន ក៏សូមធ្វើការប្រកាសដែរថា ទីស្នាក់ការកណ្ដាលថ្មីរបស់ក្រុមហ៊ុន ដែលស្ថិតនៅទីតាំងចាស់ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី បានបើកដំណើរការឡើងវិញហើយ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នេះ បន្ទាប់ពីការសាងសង់អស់រយៈពេល២ឆ្នាំ កន្លងមក។ អគារទីស្នាក់ការកណ្ដាលថ្មីនេះ មានកម្ពស់   ៥ជាន់ ប្រកបដោយផាសុកភាព និងភាព ធំទូលាយ ភ្ជាប់ជាមួយនឹងការបំពាក់ សម្ភារបរិក្ខារទំនើបៗ។ ដូច្នេះ អតិថិជន ដែលមានបំណងចង់ទិញរថយន្តថ្មី និងទទួលយកសេវាកម្មផ្សេងៗ អាចអញ្ជើញមកទស្សនា និងទទួលយកបទពិសោធថ្មី នៅអគារទីស្នាក់ការកណ្តាលថ្មីនេះ។ ក្រៅពីទីស្នាក់ការកណ្តាលថ្មីនេះ ក្រុមហ៊ុនក៏មានសាខាផ្សេងៗ       ជាច្រើនទៀត នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ផងដែរ។  

លោកឧកញ៉ា បានថ្លែងអំណរគុណ ចំពោះវត្តមាន និងការគាំទ្រ ពីបណ្តាអតិថិជនទាំងអស់  មកលើក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កន្លងមក។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន លើវិស័យយានយន្ដ ឲ្យកាន់តែល្អប្រសើរ តាមរយៈការពង្រីកសាខាបន្ថែម   ក៏ដូចជាការបន្តនាំចូលនូវរថយន្ត ដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការរបស់ទីផ្សារ ជាមួយនិងសេវាកម្មថែទាំ និងជួសជុលរថយន្ត ប្រកបដោយទំនុកចិត្ត៕

មតិ