អគ្គលេខាធិការ CAMSOC បានបង្ហាញ ក្តីរំពឹងនៃការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការលាងសម្អាតភាពអសកម្មក្នុងសង្គម ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

0
55

ភ្នំពេញ៖ អគ្គលេខាធិការ CAMSOC បានបង្ហាញនូវក្តីរំពឹង នៃការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការលាងសម្អាតភាពអសកម្មក្នុងសង្គម ដូចជាយុទ្ធនាការកម្ពុជាស្អាត ប្រជាជនម្នាក់លេងកីឡាមួយមុខ ការកាត់បន្ថយគ្រឿងញៀន និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរជាដើម ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ អោយទទួលបានជោគជ័យ ។

ការលើកឡើងយ៉ាងដូច្នេះ របស់លោក វ៉ាត់ ចំរើន ក្នុងវេទិកាជាតិ លើកទី១  សម្ពោធកាលបរិច្ឆេទរាប់ថយក្រោយ (Countdown) ជាផ្លូវការ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបង្ហាញនូវរបាយការណ៍សកម្មភាព និងវឌ្ឍនភាពការងាររបស់ CAMSOC ជាបន្តបន្ទាប់ ដូចជាផ្នែករដ្ឋបាល ហិរញ្ញវត្ថុ សិក្ខាសាលា ហើយបច្ចុប្បន្ន មានសហព័ន្ធកីឡាជាតិចំនួន១៧ ដែលស្នើសុំចូលរួមប្រកួត និងហ្វឹកហាត់ក្រៅប្រទេស។ ចំពោះហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងបន្តដំណើរការសាងសង់ ដោយសម្រេចបានប្រមាណ៥៥% និង គ្រោងបញ្ចប់ការសាងសង់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។ រីឯភូមិកីឡា ឬបុរីកីឡា គ្រោងនឹងចាប់ផ្តើមសាង់សង់នាខែតុលា ឆ្នាំ២០១៩។ លោកបន្ថែមទៀតថា ក្នុងនាមប្រតិបត្តិករកីឡា យើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញក្តីសុបិនរយៈពេល៥៤ឆ្នាំ ចាប់តាំងពី SEA GAMES លើកទី១ ឆ្នាំ១៩៥៩ ឲ្យក្លាយជាការពិត គឺ ជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ លោកបានបង្ហាញនូវក្តីរំពឹងនៃការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការលាងសម្អាតភាពអសកម្មក្នុងសង្គម ដូចជាយុទ្ធនាការកម្ពុជាស្អាត ប្រជាជនម្នាក់លេងកីឡាមួយមុខ ការកាត់បន្ថយគ្រឿងញៀន និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ ជាដើម។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា សម្តេចពិតជារំភើបរីករាយយ៉ាងខ្លាំង ហើយក៏ជាកិត្តិយសដ៏ធំធេងបំផុត ដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្ត នាឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនាពេលនេះ គឺវេទិកាជាតិលើកទី១ ដើម្បីជំរុញការប្រកួតស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាការបោះជំហានទៅមុខមួយសម្រាប់ ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ ប្រកបដោយជោគជ័យនា ពេលខាងមុខនេះ។

សម្តេចប្រធានបន្ថែមទៀតថា ព្រឹត្តិការណ៍ថ្នាក់ជាតិលើកដំបូងថ្ងៃនេះ គឺមានគោលបំណងដំបូង ដើម្បីប្រកាសកាលបរិច្ឆេទផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យប្រារព្វពិធីបើកជាផ្លវការនៃពិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ គឺនៅថ្ងៃទី៥ ខែឧសភា និងពីធីបិទជាផ្លូវការ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសបើកឲ្យរាប់ថយក្រោយ ស៊ីហ្គេម ឆ្នាំ២០២៣ ចាប់ផ្តើមពីថ្ងៃនេះតទៅឲ្យបានជ្រួតជ្រាបដល់សាធារណជនជាតិ និងអន្តរជាតិ មន្ត្រីរដ្ឋាភិបាល នគរបាល និង កងកំលាំងយោធា និស្សិត ប្រជាពលរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីចូលរួម រួមគ្នា ក្នុងការរៀបចំសម្រាប់ការធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣៕

មតិ