អជ្ញាធរខណ្ឌទួលគោកហាក់ត្រូវគេបិទភ្នែកជិតមើលមិនឃើញសំណង់អាគារចិន(DNC)មិនទាន់មានច្បាប់អនុញ្ញាត្តិ

0
65

រាជធានីភ្នំពេញ ៖ ទោះបីជា សំណង់អាគារ ដ៏ធំមហិមា របស់ក្រុមហ៊ុនចិនឈ្មោះ Discover New City (DNC) មិនទាន់ទទួលបានច្បាប់អនុញ្ញាតិក៏ដោយ ក៏សំណង់មួយនេះ ហាក់បន្តដំណើរការសាងសង់យ៉ាងរលូន នៅលើទីតាំងអតីតមជ្ឈមណ្ឌលទួលគោក ស្ថិតនៅតាមផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយមិនឃើញមានអាជ្ញាធរមូលដ្ឋាន ហ៊ានចុះទៅហាមឃាត់នោះទេ សង្ស័យតែទទួលបាន ផលណាមួយមើលទៅ។ប្រភពព័ត៌មាន បានបង្ហើបអោយដឹងថា ក្រុមហ៊ុននេះ មានម្ចាស់ឈ្មោះ LIAO JUNNA ភេទស្រី ជាជនជាតិចិន កំពុងបើកការដ្ឋានសាងសង់ លើផ្ទៃដីទំហំជាង៦.០០០ម៉ែត្រការ៉េ ដែលជាសំណង់មានកម្ពស់ ជាច្រើនជាន់ ដោយពុំទាន់មានលិខិតអនុញ្ញាតឲ្យសាងសង់ពីអាជ្ញាធរមូលដ្ឋាន, អាជ្ញាធររាជធានីភ្នំពេញ និង ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឡើយទេ ប៉ុន្តែអាចដំណើរការ សាងសង់ បានយ៉ាងរលូន។

សកម្មភាពបែបនេះ កំពុងផ្គើននឹងបំរាមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេស ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឯកភាពអោយក្រសួងចំនួន៥ រួមគ្នា មានវិធានការចាំបាច់សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង គុណភាពសំណង់ទូទាំងប្រទេស តាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

មូលហេតុដែលក្រុមហ៊ុនចិនឈ្មោះ Discover New City (DNC) អាចសាងសង់សំណង់ដោយគ្មានច្បាប់បែបនេះបាន ដោយសារតែ ម្ចាស់ក្រុមហ៊ុនមានខ្នងបង្អែកធំ និង បានចំណាយប្រាក់ជាង ១ម៉ឺនដុល្លារ និងរថយន្តកូរ៉េមួយគ្រឿង ក្រោមរូបភាពឧបត្ថម្ភ ឲ្យទៅអាជ្ញាធរខណ្ឌទួលគោក ដើម្បីឲ្យជួយសម្រួលកិច្ចការងាររបស់ពួកគេ នៅគ្រាដែលក្រុមហ៊ុនរត់ច្បាប់សាងសង់មិនទាន់បាន។ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរការដ្ឋានសំណង់របស់ក្រុមហ៊ុនចិននោះ បានឲ្យអ្នកសារព័ត៌មានដឹងថា ពួកគាត់ធ្លាប់ប្តឹងទៅអាជ្ញាធរចំនួន ៣លើកផងដែរ អំពីការរំខាន និងហានិភ័យដែលកើតចេញពីការសាងសង់សំណង់គ្មានច្បាប់នេះ ប៉ុន្តែក្រុមហ៊ុននៅតែអាចបន្តសកម្មភាពយ៉ាងរលូនដដែល។

ពាក់ព័ន្ធករណីនេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានប្រាប់អ្នកកាសែតក្នុងស្រុកថា “ក្រុមហ៊ុនគ្រាន់តែ ជីកដីពិសោធន៍បណ្តើរៗប៉ុណ្ណោះ ចំណែកច្បាប់សាងសង់ អាចសប្តាហ៍ក្រោយគេរត់បានហើយ។ រឿងរថយន្តកូរ៉េ តម្លៃ ប្រហែល ៧០០០ដុល្លារ គឺក្រុមហ៊ុនឧបត្ថម្ភដោយស្ម័គ្រចិត្តដល់ខណ្ឌដើម្បីដឹកប្រជាការពារខណ្ឌ និងដឹកទឹកស្រោចដើមឈើ”។ ចំណែក “រឿងលុយ ជាង ១ម៉ឺនដុល្លារ ដែលគេអះអាងថា ប្រគល់ឲ្យខណ្ឌនោះ មិនពិតទេ។ ខ្ញុំចង់បានការសហការជាមួយបងប្អូនកាសែត រកមុខអ្នកណាដែលបង្កើតពាក្យចចាមអារាមនេះឡើង? ហើយអ្នកណាជាអ្នកយកលុយពីក្រុមហ៊ុន? មានក្រុមចុះទៅគោះក្រុមហ៊ុនគេ តែមិនបានលុយពីគេ បែរជានាំគ្នាដើរបង្កើតពាក្យចចាមអារាមនេះឡើង”។ “អាជ្ញាធរខណ្ឌ បានត្រឹមជួយសម្របសម្រួលការងារដល់អ្នកវិនិយោគទេ។ ដូច្នេះបើបងប្អូនចុះផ្សាយក្រែងវាប៉ះពាល់ដល់ ការវិនិយោគរបស់ក្រុមហ៊ុន នាំខាតប្រយោជន៍ជាតិ”។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឯកភាពអោយក្រសួងចំនួន៥ រួមគ្នា មានវិធានការចាំបាច់សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង គុណភាពសំណង់ទូទាំងប្រទេស តាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

បន្ទាប់ពីមានហេតុការណ៍ដ៏ជូរចត់នៅខេត្តព្រះសីហនុ បាក់រលំអគារគ្មានច្បាប់កម្ពស់៧ជាន់ បណ្តាលមនុស្សស្លាប់ចំនួន២៨នាក់ , លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានស្នើសុំគោលការណ៍សម្រេចលើវិធានការចាំបាច់ ចំនួន៥ចំណុចគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង គុណភាពសំណង់ ទូទាំងប្រទេស ។

គោលការណ៍ទាំង៥ចំណុចនេះ រួមមាន ៖

១,ក្រសួងរ៉ែនិងថាមពល ចាត់វិធានការមិនអោយមានការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ការដ្ឋានសំណង់ ។

២,ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ចាត់វិធានការមិនអោយមានការផ្គត់ផ្គង់ទឹកស្អាតដល់ការដ្ឋានសំណង់ ។

៣,ក្រសួងសាធារណការនិងដឹកជញ្ជូន មិនត្រូវអនុញ្ញាតអោយតភ្ជាប់ចូលបណ្តាញលូសាធារណៈ ។

៤,ក្រសួង ស្ថាប័ន និង អង្គភាពមានសមត្ថកិច្ច មិនត្រូវផ្តល់លិខិតអនុញ្ញាតអោយប្រកបអាជីវកម្ម ។

៥,ក្រសួងព័ត៌មាននិងអង្គភាពមានសមត្ថកិច្ច មិនត្រូវអនុញ្ញាតអោយមានការផ្សព្វផ្សាយពាណិជ្ជកម្ម ៕

មតិ