បោកលុយរឿងរើសទ័ពយកលុយគេជាង ១២ម៉ឺនដុល្លារ សមត្ថកិច្វចាប់ខ្លួនស្រ្តីទាហាននៅទ័ពជើងអាកាស

0
119

ភ្នំពេញ ៖ ប៉ូលិសចាប់ខ្លួនទាហានម្នាក់នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាសពាក់ព័ន្ធករណីរើសទាហានក្របខ័ណ្ឌក្រសួងការពារជាតិ ជិត២០នាក់ ក្នុងទំហំទឹកប្រាក់ជាង ១២ម៉ឺនដុល្លារ។ 

ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ម៉ី ផានិត អាយុ ៤៤ឆ្នាំ មានតួនាទីជាជំនួយការសម្ភារ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានទីលំនៅផ្ទះលេខ១០៣ ផ្លូវលេខ០៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ការចាប់ខ្លួនទាហានខាងលើនេះ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ខៀវ ផល្លា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមចំណាត់ការរបស់លោក យិច ឈាណាវី ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រេចថាឃុំខ្លួន ឬមិនឃុំខ្លួនជាបណ្តោះអាសន្ន។

សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីត្រូវចោទឈ្មោះ ម៉ី ផានិត បានប្រើប្រាស់តួនាទីរបស់ខ្លួននៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដើរបោកប្រាស់លុយពីជនរងគ្រោះ ដែលចង់ចូលធ្វើមន្ត្រីយោធា ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ជិត២០នាក់ ក្នុងទំហំទឹកប្រាក់ជាង ១២ម៉ឺនដុល្លារ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ៕

មតិ