រថយន្តCeLiCaពន្លះក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ មុខផ្សារទួលគោក

0
65

    ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកCELICAមួយគ្រឿងយ៉ាងលឿន ហើយជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ និងធ្វើឲ្យរថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ សំណាងដែរអ្នកបើកបរមិនបណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងម៉ាកTOYOTA CELICA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2O-1058 ធ្វើដំណើរទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កបានក្រឡាប់ផ្ងាជើងឡើលើច្រង៉ាង សំណាងល្អដែរ អ្នកបើកបរមិនមានរងរបួស រួចបានលូនចេញ និងគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមច្បាប់៕

មតិ