សូមប្រយ័ត្ន ! មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ រកឃើញសំណល់ថ្នាំសំលាប់សត្វល្អិតក្នុងម្ទេសហាវៃ

0
61

ភ្នំពេញ ៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ចុះត្រួតពិនិត្យទំនិញនិងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព និងទំនិញដែលមានហានិភ័យខ្ពស់ ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ ចែកចាយលើទីផ្សារ ជាពិសេសផ្តោតទៅលើ ម្ទេសគ្រប់ប្រភេទនិងបន្លែផ្សេងៗ នៅផ្សារដើមគរនិងផ្សារអូរឬស្សី ដោយក្នុងនោះរកឃើញសារធាតុគីមីហាមឃាត់ សំណល់ថ្នាំសំលាប់សត្វល្អិតក្នុងម្ទេសហាវៃ និងដកហូតយកទៅកន្ទេចចោល កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ។

លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំមន្រ្តីជំនាញចុះពិនិត្យផ្ទាល់បានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍ខាងលើ ក្រុមការងារបានយកចំណីអាហារ គ្រឿងឧបភោគបរិភោប និងបន្លែផ្លែឈើជាង៤០មុខ មកធ្វើការពិសោធន៍ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ហើយក្នុងនោះបានរកឃើញសំណល់ថ្នាំសំលាប់សត្វល្អិត ក្នុងម្ទេសហាវៃព៌ណលឿង និងម្ទេសម៉ាឡេពណ៌ខៀវ ដែលនាំចូលពីវៀតណាម និងខ្ទឹមនៅក្នុងផ្សារដើមគរ។

លោកគង់ វុទ្ឋី បញ្ជាក់ថា ក្រោយពីត្រួតពិនិត្យឃើញនូវសារធាតុគីមីហាមឃាត់ទាំងនេះ ក្រុមការងារបានដកហូតយកទៅកំទេចចោលភ្លាមៗ ហើយបានធ្វើកិច្ចសន្យាជាមួយអាជីវករ និងណែនាំឱ្យពួកគាត់ត្រូវបញ្ឈប់ការលក់ និងផ្សព្វផ្សាយទៅប្រជាកសិករដែលដាំដុះ នូវបន្លែបង្ការផ្សេងៗយកមកលក់ សូមកុំបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលនាំឱ្យបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ មិនតែប៉ុណ្ណោះអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង ។

លោកអនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បញ្ជាក់បន្ថែមថា នៅតាមបណ្តាផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ នៅមានមន្រ្តីជំនាញខាងកាំកុងត្រូល ដាក់ប្រចាំការ បើសិនជាបងប្អូនប្រជាពលរដ្ឋមានការសង្ស័យទៅលើម្ហូបអាហារ ឬគ្រឿងឪបភោគបរិភោប មានផ្ទុកនូវសារធាតុគីមីអាចទាក់ទងមន្រ្តីជំនាញ ឱ្យទៅពិនិត្យបានភ្លាមៗផងដែរ ដើម្បីការពារសុវត្ថិភាពប្រចាំថ្ងៃរបស់បងប្អូន និងសូមចូលរួមផ្តល់ដំណឹងទាំងអស់គ្នា ៕

មតិ