សិស្សគុនហាប់គីដូ ចំនួន២៦នាក់ ដំឡើងខ្សែក្រវាត់ និងទទួលវិញ្ញាបនបត្រ

0
362

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្រឡង ដំឡើងខ្សែក្រវាត់ ដល់សិស្សគុនចំនួន ២៦នាក់ កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា នៅពហុកីឡដ្ឋានជាតិដោយការអញ្ចើញចូលរួមពី ឯកឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានឲ្យដឹងថា ការប្រឡងដំឡើងខ្សែក្រវាត់នេះ រៀបចំឡើង ក្នុងគោលបំណង វាស់ស្ទង់កម្រិតសមត្ថភាព របស់សិស្សគុន ដែលបានធ្វើ ការហ្វឹកហាត់ ជាច្រើនខែ និងផ្ដល់លិខិត បញ្ជាក់ដល់ពួកគេ ទៅតាមការបង្ហាញសមត្ថភាពរៀងៗខ្លួន។ 

លើសពីនេះ សហព័ន្ធក៏សម្លឹងមើលអ្នកមានសមត្ថភាព សម្រាប់ត្រៀមការប្រកួតលក្ខណៈអន្ដរជាតិ ករណីមានការអញ្ជើញពីសហព័ន្ធអន្ដរជាតិផងដែរ។

លោក អគ្គលេខាធិការ បានបន្តទៀតថា ជាលទ្ធផលក្រោយឆ្លងកាត់ការប្រឡង និងការវាយតម្លៃរបស់គ្រូជំនាញរបស់សហព័ន្ធ ក្នុងចំណោមសិស្សគុនទាំង ២៦នាក់ គឺមាន ៨នាក់ បានទទួលលិខិតបញ្ជាក់ ហើយ ៤នាក់ ទទួលបានវិញ្ញាបនបត្រ។ ចំណែក ៦នាក់ ទទួលបានខ្សែក្រវាត់ខ្មៅកម្រិត ១ដាន់ ហើយមាន ៥នាក់ត្រូវបានដំឡើងខ្សែក្រវាត់ ២នាក់ និងមាន ៣នាក់ត្រូវបានដំឡើងខ្សែក្រវាត់កម្រិត ៣ដាន់។ លោក គង់ ចាន់ធីណា រំពឹងថា ពួកគេនឹងបន្ដការខិតខំបន្ថែមទៀត ដើម្បីឈានទៅដល់កម្រិតខ្ពស់នាថ្ងៃអនាគត។

សូមបញ្ជាក់ផលិតថា កីឡាហាប់គីដូ មានប្រភព ពីសាធារណរដ្ឋកូរ៉េនេះ មិនមែនជាប្រភេទ កីឡាអូឡាំពិក នោះទេ។ បច្ចុប្បន្នសហព័ន្ធ កំពុងខ្នះខ្នែងស្វែង រកការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំ ការប្រកួតថ្នាក់ជាតិ ហើយលោកសង្ឃឹមថា ស្ថាប័នជាអាណាព្យាបាលខាងលើ នឹងអនុញ្ញាតឲ្យសហព័ន្ធរៀបចំ ដើម្បីជំរុញប្រភេទកីឡាការពារខ្លួននេះឲ្យកាន់តែរីកចម្រើន ពិសេសគឺផ្ដល់ឱកាសម្រាប់កីឡាករ-កីឡាការិនី ក្នុងការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ពួកគេតែម្ដង៕

មតិ