កាន់តែពិសេស ! ក្រុមហ៊ុនជីប ម៉ុង រីថេល បើកការដ្ឋានសាងសង់មណ្ឌលផ្សារទំនើបមួយទៀត

0
602

ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង រីថេល បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើប ជីប ម៉ុង ៥៩៨ ដែលជាផ្សារទំនើបបែបសហគមន៍ក្នុងគម្រោងលំនៅដ្ឋាន ផាក លែន ៥៩៨ របស់ ជីប ម៉ុង លែន ដែលស្ថិតនៅក្នុងខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
ផ្សារទំនើប ជីប ម៉ុង ៥៩៨ មានកំពស់៥ជាន់ និងមានទំហំ១១០០០ ម៉ែត្រការ៉េ ព្រមទាំងចំណតរថយន្តដែលអាចផ្ទុកបាន១៣៣គ្រឿង។ ការសាងសង់មណ្ឌលផ្សារទំនើបបែបសហគមន៍នេះនឹងត្រូវបានបញ្ចប់ហើយបើកដំណើរការក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២១។
តាមការឲ្យដឹងពីលោក Mr. Stephane Pierron អគ្គនាយកស្តីទីក្រុមហ៊ុន ជីប ម៉ុង រីថេល ផ្សារទំនើប ជីប ម៉ុង ៥៩៨ នេះត្រូវបានបង្កើតឡើងលើគោលគំនិតនៃការ «ចែករំលែកទីកន្លែង ចែករំលែកភាពរីករាយ» ដែលឆ្លុះបញ្ចំាងពីពេលវេលារីករាយមួយដែលក្រុមគ្រួសារ និងមិត្តភ័ក្តផ្តល់ឲ្យគ្នាទៅវិញទៅមក រាល់ពេលដែលពួកគេមកកម្សាន្តនៅមណ្ឌលផ្សារទំនើបនេះ។
ផ្សារទំនើប ជីប ម៉ុង ៥៩៨ ត្រូវបានសាងសង់ឡើងក្នុងគម្រោងលំនៅដ្ឋាន ផាក លែន ៥៩៨ របស់ ជីប ម៉ុង លែន ដើម្បីបើកបម្រើជូនប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងលំនៅដ្ឋាននេះ និងប្រជាពលរដ្ឋ ក្នុងខណ្ឌឬស្សីកែវ ព្រមតំបន់ជិតៗនេះផងដែរ។
លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានឲ្យដឹងថា ផ្សារទំនើប ជីប ម៉ុង ៥៩៨ នឹងធ្វើឲ្យមានចរាចរណ៍ចេញចូលក្នុងតំបន់លំនៅដ្ឋាន ផាក លែន ៥៩៨ និងតំបន់ជិតៗនេះ ដែលជាកត្តាធ្វើឲ្យការប្រកបអាជីវកម្មនានាក្នុងមណ្ឌលផ្សារទំនើបដំណើរការល្អ ហើយនៅថ្ងៃអនាគត នឹងធ្វើឲ្យលំនៅដ្ឋានក្នុងគម្រោងនេះកាន់តែមានតម្លៃ។
គួរបញ្ជាក់ផងដែរថា មណ្ឌលផ្សារទំនើបបែបសហគមន៍នេះក្នុងគម្រោងលំនៅដ្ឋាននេះគឺជាសមិទ្ធផលនៃការចាប់ដៃគូនៃភាពជឿជាក់ និងទាន់សម័យ រវាងក្រុមហ៊ុន ជីប ម៉ុង លែន និងជីប ម៉ុង រីថេល ដែលក្រុមហ៊ុនទាំងពីរបានប្តេជ្ញាក្នុងការនាំយកបទពិសោធន៏ថ្មីៗក្នុងការស់នៅប្រកបដោយភាពងាយ និងពេញលេញ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងលំនៅដ្ឋានរបស់ជីប ម៉ុង លែន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជិតៗនោះ។

មតិ