ឆ្នាំ២០១៨ ចំណូលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កើនឡើងជាង ៣២% ធៀបនឹង ឆ្នាំ២០១៧

0
510

ភ្នំពេញ ៖ នៅ​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជាមានប្រារព្ធ​កិច្ច​ប្រជុំ​បូកសរុប​ការងារ​គយ​និងរដ្ឋាករ​ប្រចាំឆ្នាំ​២០១៨ ក្រោម​​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ ដោយ​មាន​ការ​ចូលរួម​ពីសំណាក់ថ្នាក់ដឹកនាំ​​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដារ ព្រម​ទាំង​ថ្នាក់ដឹក​នាំ​គ្រប់​ជាន់ថ្នាក់​ ​​នៃ​អគ្គនាយកដ្ឋានគយនិង​​​រដ្ឋាករ​កម្ពុជាផង នាព្រឹកថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ក្នុងរបាយការណ៍​បូកសរុប​ការងារ​​​គយ​និង​រដ្ឋាករ ឯកឧត្តមបណ្ឌិត គុណ ញឹម  ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក​​នៃ​​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា បាន​​បញ្ជាក់ថា សម្រាប់​ឆ្នាំ២០១៨ ចំណូល​សរុប​មាន​ប្រមាណជាង ១០ ទ្រីលានរៀល (ប្រមាណ ២.៥០០ លានដុល្លារ​អាមេរិក) កើនឡើង​ជាង ៣២%​ ធៀប​នឹង ឆ្នាំ​២០១៧។ លទ្ធផល​ចំណូល​នេះ​ត្រូវ​​ប្រមាណ​ជា ១២១,៤% នៃផែនការឆ្នាំ ​​ដែលកំណត់ដោយច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រងប្រចាំឆ្នាំ​២០១៨។ បើ​ប្រៀបធៀបនឹង​ឆ្នាំ​២០១៧  លទ្ធផលចំណូល​តាម​ប្រភេទ​ពន្ធនិងអាករសំខាន់ៗ​ដែល​ប្រមូល​ដោយគយមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល)មានកំណើនជាង ១៨%, អាករពិសេសកើន ៤២,៤%  និងអាករ​លើ​តម្លៃ​បន្ថែម (VAT)កើន៣០,៧%។ គួរបញ្ជាក់ថា ប្រភពចំណូលពន្ធនិងអាករសំខាន់ៗមាន៖ ១.យានយន្តនិងគ្រឿងចក្របានដើរតួនាទីប្រមាណជិត៤៦%នៃចំណូលសរុប, ២.ប្រេង​ឥន្ធនៈនិង​ថាមពលប្រមាណ ២០%នៃចំណូលសរុប និង ៣.ទំនិញចម្រុះនិងគ្រឿងសំណង់មានសមាមាត្រប្រមាណជាង ៣៤%នៃចំណូលសរុប។ ទន្ទឹមនឹងការងារប្រមូលចំណូលចូលថវិកាជាតិបានលើសផែនការ អគរ ក៏បានសម្រេចនូវសមិទ្ធផលនានាផ្សេងទៀតដូចជាការចូលរួមកសាង​បទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងគយ, ការធ្វើវិចារណកម្មតារាងពន្ធគយកម្ពុជា, ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ, ការលើកកម្ពស់​កិច្ចសម្រួលពាណិជ្ជកម្ម, ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងទៀតនៃរាជរដ្ឋាភិបាល, កិច្ច​សហការជាមួយវិស័យឯកជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ការបណ្តុះបណ្តាល​ធនធានមនុស្ស និងការកសាង​ហេដ្ឋារចនាសម្ព័ន្ធអគាររដ្ឋបាលគយនានា ព្រមទាំងការងារ​សង្គហមិត្ត​មន្ត្រីរាជការ នៃអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា ដែលបានឧបត្ថម្ភសម្រាលទុក្ខលំបាកដល់គ្រួសារមន្ត្រីគយជាច្រើន។

ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​សំដែង​​ការកោតសរសើរ​​និងវាយ​តម្លៃ​​ខ្ពស់​ចំពោះកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវ​​របស់​​មន្ត្រី​​គយ​និង​រដ្ឋាករ​គ្រប់​រូប។ ទន្ទឹម​នេះ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ក៏​បាន​​ទទួល​ស្គាល់​នូវ​បញ្ហា​ប្រឈម​នានា ដែល​ជា​កត្តា​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ប្រមូលចំណូល និង​បាន​លើកទឹក​ចិត្ត​ឲ្យ​មន្ត្រី​​គយ​និង​រដ្ឋាករ​ត្រូវ​ខិតខំ​បន្ថែម​ទៀត សម្រាប់​ការងារ​នាពេល​ខាងមុខ ជាពិសេសក្នុងបរិបទ​នៃ​កំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាលចាប់ពីដើមឆ្នាំ ២០១៩ នេះតទៅ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គ​បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី​ ​បាន​​ផ្តល់ការណែនាំ​សម្រាប់​​​​​​អនុវត្ត​នាឆ្នាំ​២០១៩ ដោយ​សង្កត់​ធ្ងន់​លើការងារចំនួន ០៩ ចំណុចរួមមាន៖ ១.​ត្រូវបន្តពង្រឹង​​នូវអភិបាលកិច្ច​ល្អក្នុង​អង្គភាព និងក្រម​សីលធម៌វិជ្ជាជីវៈរបស់​មន្ត្រី​គយ​និង​រដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់​អភិក្រម ៥ ប្រការរបស់​ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល  ព្យាបាល  និងវះកាត់, ២.ជំរុញលើកកម្ពស់​អនុលោមភាព​​វិស័យ​ឯកជន​តាមរយៈ​​​​​​​អនុវត្ត​​ឲ្យ​បាន​ហ្មត់​ចត់នូវ​ក្រមសីលធម៌​ជើងសាគយ, ​និងលើកទឹកចិត្តដល់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់ ប៉ុន្តែដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនដែលរំលោភបំពានច្បាប់, ៣.ត្រូវផ្ដល់​កិច្ច​សម្រួលពាណិជ្ជកម្ម​បន្ថែមទៀត ដើម្បី​បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាកាត់បន្ថយនិងធ្វើសាមញ្ញកម្មនីតិវិធីគយ តាមរយៈ​ការធ្វើ​វិមជ្ឈការ និងការប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាន​វិទ្យា​, ៤.ត្រូវបន្តពង្រឹងយន្ដការពិគ្រោះយោបល់​​ជាមួយ​វិស័យ​ឯកជន ដោយត្រូវ​ស្ដាប់កង្វល់និងបញ្ហាប្រឈម និងប្រឹងប្រែងរកដំណោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន, ៥.លើក​កម្ពស់​​វប្បធម៌​អនុលោមភាព និង​វប្បធម៌​សារពើពន្ធ តាមរយៈការជំរុញឲ្យមានអនុលោមភាព​ដោយស្ម័គ្រចិត្ត ទន្ទឹម​គ្នានឹងការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធគ្រប់ប្រភេទនៅគ្រប់ភូមិសាស្រ្តនៃដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបាន​ជាប្រចាំ​ដូចភ្លៀងរលឹម, ៦.ត្រូវបន្តពង្រឹងការងារបច្ចេកទេសគយ, ការងារគោលនយោបាយពន្ធអាករគយនិង​បន្តធ្វើវិចារណកម្មតារាងពន្ធគយកម្ពុជា, ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​​លើចំណូល, ការកែលម្អសេវាដោយរួសរាយរាក់ទាក់ ប៉ុន្តែហ្មឺងម៉ាត់ដាច់ខាតក្នុងការអនុវត្ត​ច្បាប់,  ៧.ត្រូវជំរុញ​បញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រ​​ជំរុញការអនុវត្តច្បាប់ និងយុទ្ធសាស្ត្រ​​បច្ចេកវិទ្យាព័ត៌មាន ដែលឯកសារទាំង២នេះមានសារៈសំខាន់ និងជាផ្នែកមិនអាចខ្វះបាននៃកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ, ៨. ត្រូវពិនិត្យនិងកែសម្រួលឡើងវិញនូវអនុក្រឹត្យស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ និងអនុក្រឹត្យស្ដីពីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ និងត្រូវចាត់វិធានការ សំដៅពង្រឹងតួនាទីនិងភារកិច្ចទទួលខុសត្រូវ ក្នុងបរិបទនៃការធ្វើកំណែទម្រង់ស្ថាប័ននិង  ៩. ត្រូវអនុវត្តប្រកាសស្ដីពីកម្រៃសេវាផ្សេងៗរបស់​គយ​ និង ការកាត់បន្ថយកម្រៃស្កែន ៥០%​ ចាប់ពីថ្ងៃទី០១ ខែ មេសា ឆ្នាំ២០១៩នេះតទៅ។

ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបំពាក់គ្រឿងឥស្សរិយយសនិងបណ្ណសរសើរ ជូនដល់មន្ត្រីគយនិងរដ្ឋាករមានស្នាដៃ​មួយចំនួនផងដែរ។

 

 

មតិ