មាន​ការ​រិះគន់​អ្នក​រាយការណ៍ UN ​ថា​មិន​បាន​បំពេញ​តាម​តួនាទី ​ខណៈ​​មាន​ការ​សម្លាប់​ កែម ឡី

0
333

ភ្នំពេញៈ ការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សដែលកាន់តែធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាបានកើតមានឡើងនៅពេលដែលមានការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគល្បីឈ្មោះហើយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Rhona Smith មិនបានបំពេញ

អាណត្តិរបស់គាត់ឲ្យបានល្អទៅតាមវិជ្ជាជីវៈជាអ្នកសង្កេតការណ៍ពិសេសបើទោះបីជាអ្នករាយការណ៍រូបនេះបានចូលរួមចេញសេចក្តីថ្លែងការណ៍មួយទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យចំពោះអំពើឃាតកម្មដ៏ព្រៃផ្សៃនេះក៏ដោយ។

អ្នកសង្កេតការណ៍លោក John Coughlan ពីមុនជាបុគ្គលិករបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សដែលមានការិយាល័យនៅក្នុងប្រទេសកម្ពុជាដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់អ្នករាយការណ៍នេះហើយឥឡូវបានធ្វើជាអ្នកឃ្លាំមើលរបស់អង្គការលើកលែងទោសអន្តរជាតិបានសរសេរនៅក្នុងអ៊ីមែលមួយកាលពីម្សិលមិញថា៖ «អ្នករាយការណ៍ពិសេសដែលមិនសកម្មគឺជារឿងមួយដ៏គួរឲ្យព្រួយបារម្ហយ៉ាងខ្លាំង។ អាណត្តិរបស់អ្នករាយការណ៍ពិសេសនៅក្នុងប្រទេសកម្ពុជាគឺមានសម្រាប់ករណីចាំបាច់ប៉ុន្តែការងាររបស់ពួកគេធ្វើមិនបានសម្រេចនៅពេលដែលមានរឿងរ៉ាវចាំបាច់កើតឡើងគឺអ្នករាយការណ៍រូបនោះគ្មានសកម្មភាពអ្វីទាល់តែសោះ។ វាមិនគ្រប់គ្រាន់ទេដែលគ្រាន់តែលាក់ខ្លួននៅពីក្រោយសេចក្តីថ្លែងការណ៍រួមគ្នាមួយនោះ»។

អ្នករាយការណ៍ពិសេសចំនួន ៥ នាក់របស់អង្គការសហប្រជាជាតិហើយលោកស្រី Smith ជាអ្នករាយការណ៍ម្នាក់ក្នុងចំណោមពួកគេបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញដើម្បីសម្តែងនូវ [ក្តីព្រួយបារម្ភយ៉ាងខ្លាំង] ទៅលើឃាតកម្មសម្លាប់លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយមួយរូបហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតមួយដែលធ្វើឡើងដោយស្ថាប័នឯករាជ្យដែលមិនជាប់ទាក់ទងជាមួយនឹងរដ្ឋាភិបាល។

យ៉ាងណាក៏ដោយបុគ្គលិកនៃអង្គការសិទ្ធិមនុស្សអន្ដរជាតិម្នាក់ដែលបានស្នើសុំមិនឲ្យបញ្ចេញឈ្មោះបានផ្តល់នូវប្រធានបទដ៏រសើបមួយដោយថា៖ «ពួកគាត់ដឹងថាសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីម្សិលមិញត្រូវបានពន្យារពេលដោយសារត្រូវកែតម្រូវពាក្យពេចន៍មួយចំនួនរបស់លោកស្រី Smith ដែលបុគ្គលិកសិទ្ធិមនុស្សជាច្រើនយល់ឃើញថាអត្ថន័យនៅក្នុងសេចក្តីព្រាងលើកដំបូងគឺមានលក្ខណៈខ្លាំងក្លាជាង»។

លោក Rupert Abbott ឥឡូវលោកធ្វើការជាអ្នកពិគ្រោះយោបល់ផ្នែកសិទ្ធិមនុស្សប៉ុន្តែពីអតីតកាលលោកជានាយករងប្រចាំទ្វីបអាស៊ីរបស់អង្គការលើកលែងទោសអន្តរជាតិថ្លែងថាលោកមានការឈឺចាប់ណាស់នៅពេលបញ្ជាក់ពីសារៈសំខាន់នៃលិខិតរបស់អ្នករាយការណ៍ពិសេសកាលពីម្សិលមិញដោយបាននិយាយថារដ្ឋាភិបាលបរទេសគ្រាន់តែវាយតម្លៃស្មានៗអំពីអ្វីដែលកំពុងតែកើតមាននៅក្នុងប្រទេសកម្ពុជាតាមតែអ្នករាយការណ៍ពិសេសរាយការណ៍ប្រាប់ប៉ុណ្ណោះ។

លោកក៏បានសង្កត់ធ្ងន់ដែរថាសហគមន៍សិទ្ធិមនុស្សពិតជាមិនអស់ចិត្តនឹងអ្វីដែលលោកស្រី Smith បានចេញផ្សាយនោះទេហើយលោកបាននិយាយថាការងារបានអនុវត្តអស់រយៈពេលជាច្រើនខែមកហើយគឺសារៈសំខាន់មិនមែននៅជាមួយនឹងអាណត្តិនោះទេប៉ុន្តែសំខាន់គឺអ្នកដែលកាន់អាណត្តិនោះ។ លោកបន្តទៀតថាវាក៏សំខាន់ផងដែរក្នុងការបង្ហាញសាមគ្គីភាពជាមួយសង្គមស៊ីវិលដើម្បីឲ្យគេមានអារម្មណ៍ថាយើងជាអ្នករាយការណ៍ដែលហ៊ាននិយាយបើអ្នករាយការណ៍មិនហ៊ាននិយាយនោះគួរហៅពួកគេថាម៉េចវិញ? បុគ្គលិកនៃអង្គការសិទ្ធិមនុស្សកម្ពុជាម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានសម្តែងការមិនសប្បាយចិត្តយ៉ាងខ្លាំងពីអ្វីដែលមានក្នុងអ៊ីមែលកាលពីម្សិលមិញ។

ពួកគេបានសរសេរថា៖ «សាស្រ្តាចារ្យ Rhona Smith ត្រូវតែបំបែកភាពស្ងៀមស្ងាត់របស់គាត់ដើម្បីបំពេញអាណត្តិរបស់គាត់ជាអ្នករាយការណ៍ពិសេសប្រចាំប្រទេសជាក់លាក់មួយហើយត្រូវតែធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវចំពោះការរំលោភកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួន»។

នៅក្នុងអ៊ីមែលដែលផ្ញើឲ្យអ្នករាយការណ៍មួយកាលពីថ្ងៃម្សិលមិញលោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងថា៖ «តាមអ្វីដែលខ្ញុំបានឃើញពីការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីឆ្នាំមុនគឺនៅពេលនេះយើងត្រូវការអ្នកជំនាញឯករាជ្យជាងពេលណាៗទាំងអស់ដើម្បីបង្ហាញពីការព្រួយបារម្ហរបស់ពួកគេ និងឆ្លើយតបទៅនឹងស្ថានភាពដែលកាន់តែអាក្រក់ទៅៗនេះ»។ «យើងរីករាយដោយឃើញពីសេចក្តីថ្លែងការណ៍រួមមួយដែលធ្វើឡើងដោយអ្នករាយការណ៍ពិសេសដែលបានថ្កោលទោសចំពោះការសម្លាប់លោក កែម ឡី ហើយយើងសង្ឃឹមថាអ្នករាយការណ៍ពិសេសនឹងនិយាយពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងកំពុងពិនិត្យតាមដានស្ថានការណ៍នេះហើយសង្ឃឹមថាគាត់នឹងបង្ហាញពីការព្រួយបារម្ភចំពោះការរំលោភសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរដែលកំពុងកើតឡើងក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ»។

កាលពីម្សិលមិញវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្ស និងការអភិវឌ្ឍ ១ ក្នុងចំណោម ២១ បានចុះហត្ថលេខារួមលើសេចក្តីថ្លែងការណ៍ថ្កោលទោសទៅលើការសម្លាប់លោក កែម ឡី។

ក្នុងសេចក្តីថ្លែងការណ៍អង្គការនេះបានឱ្យដឹងថាក្នុងអាណត្តិរបស់លោកស្រី Smith គឺកិច្ចការរបស់សង្គមស៊ីវិល និងការខ្វែងគំនិតគ្នា [នៅកម្ពុជា] បានធ្លាក់ចុះជាលំដាប់ហើយករណីសម្លាប់លោក កែម ឡី គឺធ្វើឲ្យមានការព្រួយបារម្ភកាន់តែធ្ងន់ធ្ងរឡើង។

«យើងសង្ឃឹមថាលោកស្រី Smith នឹងដាក់ចេញនូវគោលការណ៍ជាសាធារណៈឲ្យបានច្បាស់លាស់នៅលើសេរីភាពជាមូលដ្ឋានដែលពួកគេនឹងជួបប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងខែកញ្ញាជាទីកន្លែងដែលគាត់ត្រូវតែបង្ហាញពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា។ ពួកគេបានបន្តថាគោលការណ៍ទាំងនោះគួរតែរួមបញ្ចូលការចាប់ឃុំខ្លួនសមាជិកអង្គការ សង្គមស៊ីវិលនឹងស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យលើករណីធ្វើឃាតលោក កែម ឡី ជាដើម។ គាត់ត្រូវលើកឡើងពីការរឹតបន្តឹងលើសេរីភាពនៃការតវ៉ាដោយសន្តិវិធី និងបញ្ជាក់ឲ្យបានច្បាស់ជាមួយរដ្ឋាភិបាលដើម្បីធានាពីសេរីភាពនៃការជួបប្រជុំ និងការបញ្ចេញមតិនេះ»។ «អវត្ដមាននៃការបង្ហាញបញ្ជាក់នូវចំណុចទាំងនេះ អង្គការសហប្រជាជាតិនឹងបាត់បង់នូវឱកាសដ៏សំខាន់ក្នុងការប្រើការគាបសង្កត់របស់ខ្លួនដើម្បីស្តារស្ថានការណ៍ដែលកំពុងធ្លាក់ចុះនេះឲ្យបានប្រសើរឡើងវិញ»។

ទោះបីជាមានការព្យាយាមទាក់ទងទៅលោកស្រី Rhona Smith តាមរយៈវិធីផ្សេងៗជាច្រើនដងក្តីក៏មិនអាចទាក់ទងបានដើម្បីសុំឲ្យគាត់ពន្យល់ពីអ្វីដែលគាត់បានធ្វើឡើយ៕ NS

1-RhonaSmith

មតិ