ហាងលក់សំភារៈកីឡាដ៏ធំ DECATHLON បានបើកសម្ពោធនៅផ្សារអ៊ីអន២ សែនសុខ

0
782

DECATHLON ជាក្រុមហ៊ុនលក់សម្ភារៈកីឡាមួយក្នុងចំណោមក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំបំផុតនៅលើពិភពលោក កំពុងតែបោះជំហ៊ានបន្តទៅមុខ ខណៈក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំមួយនេះនឹងបើកហាងទំនិញទីមួយរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី ១១ ខែសីហា ខាងមុខនេះនៅឯ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំសម្បើមមួយនេះត្រូវបានបង្កើតឡើងនៅប្រទេសបារាំងនៅឆ្នាំ ១៩៧៦ សព្វថ្ងៃមានហាងទំនិញជាង ១៣០០ហាងនិងដំណើរការក្នុង៤២ប្រទេសផ្សេងៗគ្នា។ សាខាហាង DECATHLON ខណ្ឌសែនសុខផ្សារទំនើបអ៊ីអនម៉ល២ ជាសាខាហាងលក់ទំនិញរបស់ក្រុមហ៊ុនទី១៧ប្រចាំតំបន់អាស៊ានហើយក៏ជាហាងទំនិញដំបូងបំផុតដែលក្រុមហ៊ុនគ្រោងនឹងសម្ពោធនៅប្រទេសកម្ពុជា។ក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត DECATHLON គ្រោងនឹងពង្រីកខ្លួននៅរាជធានីភ្នំពេញ ហើយបន្ទាប់មកទៀត គ្រោងនឹងបន្តពង្រីកបន្ថែមនៅតាមខេត្តក្រុងនានានៅក្នុងប្រទេស ដូចជាខេត្តសៀមរាបជាដើម។

លោក Guillaume Cutuli នាយកប្រតិបត្តិនៃក្រុមហ៊ុនDECATHLON ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា យើងបានបំពេញការងារនៅប្រទេសកម្ពុជាជាងប្រាំពីរឆ្នាំមកហើយដែលបានផ្តោតសំខាន់ទៅលើការគ្របគ្រងការផលិតសម្ភារៈកីឡារបស់យើងជាមួយនឹងក្រុមហ៊ុនដៃគូឧស្សាហកម្មនានានៅក្នុងស្រុក។ ដោយហេតុថា ប្រជាជនកម្ពុជាទូទៅទាំងប្រុសទាំងស្រីសុទ្ធតែនិយមលេងកីឡា ម្យ៉ាងទៀតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរីកចម្រើនទៅមុខព្រមទាំងតម្រូវការអតិថិជនកំពុងមានការកើនឡើងទៀតនោះ បានផ្តល់ឱកាសដ៏ស័ក្តិសមបំផុតក្នុងការវិនិយោគទៅលើការបើកហាងលក់ទំនិញនៅក្នុងប្រទេសមួយនេះ។

ជាការពិតណាស់ចាប់តាំងពីឆ្នាំ២០១១មកDECATHLON បានបង្កើនការផលិតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាជាមួយដៃគូរផ្នែកផ្គត់ផ្គង់ដែលបានវិនិយោគជាមួយក្រុមការងារក្នុងស្រុកដើម្បីធ្វើការគ្របគ្រងគុណភាពការផលិតក៏ដូចជា ការធានាឲ្យបាននូវការគោរពក្រមប្រតិបត្តិក៏ដូចជា លក្ខខណ្ឌការងារទៅលើទីតាំងដៃគូខុសៗគ្នារបស់ពួកគេ។

ក្រោយការផ្តោតសំខាន់ទៅលើសកម្មភាពផលិតនៅក្នុងប្រទេស ក្រុមហ៊ុនបានសម្រេចចិត្តធ្វើការវិនិយោគក្នុងការបើកហាងទំនិញជាច្រើនដើម្បីធ្វើឲ្យការស្វែងរកសម្ភារៈកីឡានៅកម្ពុជាកាន់តែមានភាពងាយស្រួល និងសម្បូរបែប។ផ្នែកមួយនៃចំណុចស្នូលនៃដំណើរការរបស់ DECATHLON គឺជាការវិនិយោគនៅផ្នែកខាងក្នុង និងការផ្តោតការវិនិយោគទៅលើផលិតផលកីឡា។ស្លាកសញ្ញានីមួយៗទាំង ៦០របស់ក្រុមហ៊ុនតំណាងនូវប្រភេទនៃសម្ភារៈកីឡាខុសៗគ្នា ជាមួយនឹងការតាំងចិត្តដ៏មុតមាំរបស់ក្រុមការងារដែលរួមមានទំនួលខុសត្រូវសម្រាប់កិច្ចការស្រាវជ្រាវ ការឌីសាញ ការអភិវឌ្ឍន៍ និងការធ្វើតេស្តទៅលើផលិតផលរបស់ពួកគេ។

មតិ