ពិតជាពិសេស ! SCG ផ្ដល់ឱកាសដល់ជាងសំណង់តាមបណ្តាខេត្ត បញ្ចេញទេពកោសល្យរបស់ខ្លួន ឈានទៅរកអ្នកមានស្នាដៃល្អ និងទទួលបានរង្វាន់

0
340

កំពត ៖ ដោយទទួលបានជោគជ័យក្នុងអាជីវកម្មរយៈពេលជាច្រើនឆ្នាំកន្លងមក និងជាការស្វែងរក អ្នកដែលមានស្នាដៃក្នុងការសាងសង់នោះ ​ក្រុមហ៊ុន អេសស៊ីជី (SCG) នៅខេត្តកំពត បានរៀប​ចំការ​ប្រកួត​ផ្នែកសំណង់ ដែលមានជាងចូលរួមប្រកួត១៦នាក់ មកពីតាមបណ្តាខេត្ត ដែលអ្នកជាប់​វគ្គជម្រុះជុំទី១ មានសិទ្ធិទៅចូលរួមនៅក្នុងការប្រកួតថ្នាក់ជាតិ ដែលនឹងប្រារព្វឡើងនៅចុងឆ្នាំនេះ ។

ការប្រកួតផ្នែកបូកស៊ីម៉ង់ត៍នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ដែលផ្ដួច​ផ្ដើម​ដោយក្រុមហ៊ុន អេសស៊ីជី (SCG) ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ជាងសំណង់លើការងារបូកស៊ីម៉ង់ត៍ និងការងារប្រក់ដំបូល ដែលការ​បណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅនៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈពីរ ហើយការប្រកួត​មានរៀប​ចំឡើងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តធំៗទូទាំងប្រទេស ។

លោក ពង់ថាណា ដេវីតាយ៉ាផន នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បញ្ជាក់ ថា ៖ កម្មវិធីនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីសេចក្តីតាំងចិត្តរបស់អេសស៊ីជី ដែលមានបំណង​ជួយគាំ​ទ្រ​ដល់ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការទទួលបានឱកាសល្អៗក្នុងអាជីពរបស់ខ្លួន និងមានឱកាស​អភិវឌ្ឍ​គុណភាពជីវិតរបស់ខ្លួន ឲ្យកាន់តែប្រសើរថែមទៀត ។ លោកបន្តថា តាមរយៈ​ការប្រ​កួត​លើកនេះ យើងបានមើលឃើញថា ជំនាញក្នុងការបូកស៊ីម៉ង់ត៍របស់ជាងសំណង់ មានការរីកចម្រើន​ច្រើន បន្ទាប់ពីពួកគាត់បានទទួលការបណ្ដុះបណ្ដាល ពីវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ​បច្ចេក​ទេស​ឈានមុខគេ ដែលយើងសហការជាមួយក្នុងកម្មវិធីនេះ ។

សូមជម្រាបថា ៖ ការប្រកួតវគ្គជម្រុះតាមបណ្តាខេត្ត សម្រាប់ផ្នែកបូកស៊ីម៉ង់ត៍ នឹងប្រព្រឹត្តទៅនៅតាម​ទីរួម​ខេត្តសំខាន់ៗក្នុងប្រទេស ដែលនឹងរៀបចំឡើងក្នុងពេលប៉ុន្មានខែខាងមុខនេះ ដោយក្នុងនោះជ័យ​លាភី​​ពីវគ្គជម្រុះតាមខេត្ត នឹងចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលរៀបចំដោយក្រុមហ៊ុន អេសស៊ីជី (SCG) នៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០១៨នេះ ។ រាល់បេក្ខជនដែលចូលរួម នឹងទទួលបាន​វិញ្ញាបន​ប័ត្រពី​កម្មវិធីបណ្ដុះបណ្ដាល ហើយជ័យលាភីសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងទទួលបានរង្វាន់ជា​ទឹកប្រាក់​២លានរៀល និងបានចូលរួមក្នុងដំណើរទស្សនកិច្ចអប់រំទៅកាន់ប្រទេសថៃ ដែលរៀបចំ​ដោយ​ក្រុមហ៊ុន អេសស៊ីជី (SCG) ផងដែរ ៕

មតិ