ទឹកភ្នែកពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះនៅតែបន្តស្រក់ ខណៈការរំលោភដីធ្លីពុំមានដំណោះស្រាយពីអាជ្ញាធរខេត្ត និងក្រសួងនោះឡើយ

0
553

ភ្នំពេញ ៖  ប្រជាពលរដ្ឋខ្មែរឥស្លាម១៥នាក់តំណាងជាង១០០គ្រួសារដែលត្រូវបាត់បង់ដីធ្លីសរុប៥២៥ហិកតា នៅស្រុកស្នួល ខេត្តក្រចេះ បានសំដែងក្ដីអស់សង្ឃឹម និងបង្ហូរទឹកភ្នែក ដោយសារអាជ្ញាធរខេត្តក្រចេះ និងក្រសួងរៀបចំដែនដីនគររូបនីយ៏កម្មនិងសំណង់ពុំទាន់បានដោះស្រាយជូនពួកគាត់ដូចបានសន្យាឡើយ បើទោះបីជាពលរដ្ឋខំធ្វើដំណើរពីចម្ងាយមករកក្រសួងអោយជួយជាច្រើនលើកច្រើនសារហើយក្ដី តែលទ្ធផលត្រូវក្រសួងបានតហរឹមនិយាយថា សូមអោយរង់ចាំសិនទៅ ។

ពលរដ្ឋជាច្រើនឡើងមកសុំការអន្តរាគមន៏នារសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ នៅក្រសួងដែនដីនគររូបនីយ៏កម្មនិងសំណង់ ដោយសារតែមានការរំលោភយកដីសំណាក់ក្រុមហ៊ុនចំនួន២គឺ ក្រុមហ៊ុន រតនៈស្តោន និង ក្រុមហ៊ុនថេរៈវិនិយោគ បានរំលោភយកដីពួកគាត់ដោយមានកងកំលាំងចាំបាញ់ប្រជាជនណាហ៊ានតវ៉ា តែការបាញ់គ្រាប់ពិតនោះ មិនត្រូវរបួសជនណានោះទេ ដោយយកគ្រឿងចក្រមកឈូសឆាយដំណាំដូចជា កៅស៊ូ ដំឡូង និងដំណាំជាច្រើនប្រភេទដោយកំទេចចោលទាំងអស់ ហើយក្រុមហ៊ុនខ្លួនយកដីដាំកៅស៊ូវិញ
នេះបើតាមការបញ្ចាក់របស់ពលរដ្ឋ ។

ពួកគាត់បានបន្តថា ៈ ក្រុមប្រជាពលរដ្ឋ បានមកចាប់យកដីនេះដោយការទន្រ្ទានព្រៃតាំងពីឆ្នាំ១៩៩៧មកម្លេះ ដោយសរុបដីចំនួន៥២៥ហិកតា ខណៈពលរដ្ឋមានជាង១០០គ្រួសារ ហើយទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ស្រុក តែមិនមានប័ណសំគាល់អ្វីនោះឡើយ សូម្បីតែក្រុមនិស្សិតវាស់វែងដីសម្ដេចតេជោ ក៏មិនហ៊ានវាស់ដែរ ដោយសារតែគេមកស្កាត់ថា ដីនេះជាដីទំនាស់ ទើបមកដល់បច្ចុប្បន្ន ពលរដ្ឋទាំងនោះ គ្មានបង្កាន់ដៃកាន់កាប់ដីនោះឡើយ តែពួកគាត់អះអាងថា ពួកគាត់នៅលើដីនេះអាស្រ័យផល តាំងពីឆ្នាំ១៩៩៧មកហើយ តែមកដល់ឆ្នាំ២០០៩ ក៏ស្រាប់តែក្រុមហ៊ុន២នោះមករំលោភយកដីរបស់ពួកគាត់តែម្ដង ។

ពលរដ្ឋថា ៈ ពួកគាត់ក្រីក្រណាស់ សង្ឃឹមទៅលើដីនោះហើយ តែបែជាគេមករំលោភយកទៅទៀត មិនគួរណាមកធ្វើបាបរាស្ត្រក្រីក្រកំសត់យ៉ាងដូច្នេះសោះ ។

ទន្ទឹមនឹងការមកសុំអន្តរាគមន៏នោះដែរ ភ្លាមៗនោះដែរ ឯកឧត្តម ហេង រ៉ាន់ ប្រធានក្រុមទី៣៥ដោះស្រាយវិវាទដីធ្លី នៃក្រសួងរៀបចំដាេនដី នគររូបនីយកម្ម និងសំណង់ បានប្រាប់អោយពលរដ្ឋទាំងអស់មេត្តារង់ចាំសិនព្រោះក្រសួងកំពុងដោះស្រាយតាមដំណាក់កាល ដោយសាររឿងដីធ្លីមានច្រើន ។

ពលរដ្ឋបានសំរក់ទឹកភ្នែកស្នើរសុំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយកូនចៅមូស្លីមទាំងអស់ផង ព្រោះពួកគាត់ក្រីក្រហើយគេរំលោភយកដីថែមទៀត ហើយប្រជាពលរដ្ឋទាំងនោះ សុទ្ធតែជាអ្នកគាំទ្រសម្ដេចតេជោ ។

ជុំវិញរឿងនេះ ខាងភាគីក្រុមហ៊ុនទាំង២ ពុំទាន់មានប្រភពអាចទាក់ទងបាននៅឡើយទេ ។image image image

មតិ