គណកម្មាធិការជាតិអូឡាំពិចកម្ពុជា នឹងចំណាយថវិការរាប់សិបម៉ឺនដុល្លារ ក្នុងព្រឹត្តការណ៍កីឡាជាតិលើកទី២ ដើម្បីអោយកាន់តែអស្ចារ្យជាងមុន

0
720

ភ្នំពេញ៖ ដើម្បីអោយព្រឹត្តិការណ៍កីឡាជាតិលើកទី២កាន់តែអស្ចារ្យជាងមុន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបើកកិច្ចបច្ចេកទេសជាមួយភាគីពាក់ព័ន្ឋជាច្រើនទៀត នឹងគ្រោយចំណាយថវិការរាប់សិបមុឺនដុល្លារ ដោយមានការរៀបចំយ៉ាងម៉ត់ចត់បំផុត ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការជាតិអូឡាំពិចកម្ពុជា បានបញ្ជាក់ថា ទំហំចំណាយរៀបចំពិធីបើក-បិទកីឡាជាតិឆ្នាំនេះ ត្រូវកើនឡើងស្ទើរទ្វេដង ព្រោះលើកមុនការចំណាយអស់ប្រមាណ ៤០ម៉ឺនដុល្លារប៉ុណ្ណោះ ។ ជុំវិញការបង្កើនខ្ទង់ចំណាយដ៏ច្រើនបែបនេះ ដោយសារការសម្ដែងរបស់ក្រុមកីឡា ក្រុមសិល្បះ និងក្រុមយុវជនផ្សេងៗ មានចំនួនកើនឡើងច្រើនរហូតដល់ជាង ៥,០០០នាក់ គ្រាដែលការសម្តែងបច្ចេកវិទ្យាភ្លើងពណ៌ និងការបាញ់កាំជ្រួចជាដើម សុទ្ធតែត្រូវរៀបចំស្របតាមស្ដង់ដារអន្ដរជាតិ ដោយក្រុមហ៊ុនមកពីប្រទេសចិនទៀតផង ។

ប៉ុន្ដែបច្ចុប្បន្ន NOCC ទើបរកបានប្រភពចំណូលពីអ្នកឧបត្ថម្ភត្រឹម ៤០ម៉ឺនដុល្លារប៉ុណ្ណោះ ។ តែទោះជាបែបនេះក្ដី លោកបានប្ដេជ្ញាចិត្តស្វែងរកប្រភពចំណូលឲ្យបានគ្រប់ ដើម្បីឈានទៅសម្រេចគោលដៅ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។ លោកបញ្ជាក់ថា «ឈានដល់ដំណាក់កាលនេះ ការរៀបចំមិនអាចធាក់ថយក្រោយបានទេ ហេតុនេះគណៈកម្មការរៀបចំបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដោយអ្នកធ្វើត្រូវបន្ដធ្វើ រីឯអ្នករកប្រភពចំណូល ត្រូវបន្ដស្វែងរកការឧបត្ថម្ភបន្ថែមទៀត» ។

លោកអគ្គលេខាធិការបន្ដថា ទោះបីកម្ពុជាមិនមែនដើមទុនច្រើន ដើម្បីរៀបចំព្រឹត្តិការណ៍មួយឲ្យធំសម្បើម ឬអស្ចារ្យ តែយើងនឹងរៀបចំតាមលទ្ធភាព ប្រកបដោយប្រភាព ដែលអាចទទួលយកបាន ដើម្បីជាបទពិសោធន៍ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលគោលដៅសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ ឬ National Games រៀងរាល់ ២ឆ្នាំម្ដង ។ ដូច្នេះលោកបានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ដែលត្រូវចូលរួមសម្ដែងក្នុងពិធីបើក-បិទ ត្រូវព្យាយាមធ្វើឲ្យបានល្អតាមផ្នែករៀងៗខ្លួន ។

សូមបញ្ជាក់ផងដែរថា កីឡាជាតិ លើកទី២ ឆ្នាំនេះ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី០៥ ខែមិថុនា ដោយមាន ២៧ប្រភេទកីឡាចូលរួម ស្មើនឹង ២៧២វិញ្ញាសា រួមនោះរួមមានប្រភេទកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, ចំបាប់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WTF, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សកល, សូរិនស្ស៊ិកាំប៉ូ, តេក្វាន់ដូ ITF, ការ៉ាតេ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, វ៉ូវីណាម, បេស្បល, ប្រណាំងកង់, សីដក់, បាញ់កាំភ្លើង, បាល់ឱប និងកីឡាសូហ្វតិន្នីស ៕

មតិ