សម្ដេចពិជ័យសេនា ទៀ បាញ់ កំណត់ឲ្យគណៈកម្មការរៀបចំស៊ីហ្គេម ត្រូវបើកកិច្ចប្រជុំ ៣ខែម្ដង

0
564

ភ្នំពេញ ៖  សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានផ្ដល់អនុសាសន៍ និងកំណត់ឲ្យ គណៈកម្មការរៀបចំស៊ីហ្គេម ត្រូវបើកកិច្ចប្រជុំជារៀងរាល់ ៣ខែម្ដង ដើម្បីជជែកពិភាក្សា អំពីការត្រៀម ខ្លួនឲ្យបានទៀតទាត់ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ ក្នុងឱកាសរបស់សម្ដេចអញ្ជើញធ្វើជាអធិបតីភាពពិធី មហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៤-២០១៨ ឈានចូលអាណត្តិថ្មី ឆ្នាំ២០១៨-២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ដថា ដោយរៀបចំយន្ដការរបស់រាជរដ្ឋាភិបាល គណៈ កម្មាធិការរៀបចំស៊ីហ្គេម ត្រូវអនុវត្តតាមតួនាទី ភារកិច្ចរៀងៗខ្លួន ពិសេសអគ្គលេខាធិការ ត្រូវយក ចិត្តទុកដាក់រៀបចំរបៀបរបបការងារ និងដាក់ឲ្យដំណើរការអង្គររដ្ឋបាល ក្នុងលេខាធិការដ្ឋាន ឲ្យបាន ឆាប់រហ័ស ដើម្បីជំរុញឲ្យប្រព័ន្ធការងារៀបចំផ្សេងៗ ខណៈទំហំការងារច្រើន និងស្មុគស្មាញ ដែល ទាមទារឲ្យជំនាញនីមួយៗ ត្រូវរួសរាន់រៀបចំខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឲ្យស៊ីហ្គេម ឆ្នាំ ២០២៣ ទទួលបានជោគជ័យ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់អនុសាសន៍ចំនួន៨ចំណុច សម្រាប់គណៈកម្មការប្រតិបត្តិអនុវត្តឲ្យមានប្រសិទ្ធិភាពរួមមាន៖ ទី១ ថ្នាក់ដឹកនាំ មន្ដ្រីជំនាញក្នុងគណៈ កម្មាធិការជាតិស៊ីហ្គេម ទាំងអស់ ត្រូវចូលរួមប្រជុំលើកដំបូង និងចូលរួមប្រជុំ ៣ខែម្ដង ជាទៀងទាត់, ទី២៖ អគ្គលេខាធិការ និងលេខាធិការដ្ឋានត្រូវចាប់ផ្ដើមរៀបចំទីតាំង និងដំណើរការយន្ដការរដ្ឋបាល, ទី៣៖ គណៈកម្មការជំនាញទាំងអស់ ត្រូវចាប់ផ្ដើមរៀបចំរបៀបរបបការងារ និងផែនការជំនាញ របស់ខ្លួនជាបណ្ដើរៗ, ទី៤៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រៀមលក្ខណៈរៀបចំ កញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាល តាមសរចនាករនីមួយៗ ដែលមានចែងក្នុងផែនការមេ និងផែនការសកម្មភាព ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធកីឡា ឧបករណ៍សម្ភារៈកីឡា និងការអភិវឌ្ឍន៍ធនធានមនុស្សជំនាញ, ទី៥៖ ក្រសួងអប់រំ យុវជន និងកីឡា សូមបង្កើតក្រុមការងារចំពោះកិច្ចមួយ ត្រៀមលក្ខណៈសហការណ៍ ជាមួយគណៈកម្មាធិការជាតិស៊ីហ្គេម ដើម្បីរួមគ្នាពិនិត្យតាមដានវាយតម្លៃ វឌ្ឍនៈភាព និងការងារ ក្នុង ប្រសិទ្ធិភាពកីឡា និងគុណផលកីឡា។ ពិសេសបំពេញការខ្វះខាតបន្ថែម ដល់អត្ដពលិកជាតិ និង សហព័ន្ធកីឡាជាតិ, ទី៦៖ សូមកម្លាំងប្រដាប់អាវុធ ទាំងកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ត្រូវពង្រឹង និងកែទម្រង់ឡើងវិញ នៅការដឹកនាំ គ្រប់គ្រងវិស័យកីឡា ក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន ដោយសហការជាមួយក្រសួងអប់រំ ពិសេស NOCC និងគ្រប់សហព័ន្ធកីឡាជាតិ ដើម្បីពង្រីកបន្ថែម ការហ្វឹកហាត់ជំនាញ កីឡាកម្រិតខ្ពស់ ដើម្បីបង្កើនគុណផលកីឡាកម្រិតខ្ពស់ចូលរួមការ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣, ទី៧៖ សូមក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមជួយសហការ និងផ្ដល់ភាពងាយស្រួលដល់គណៈកម្មាធិការជាតិស៊ីហ្គេម ក្នុងករណីចាំបាច់ ដើម្បីបំពេញប្រសិទ្ធភាពការងារ ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងទី៨៖ សូមអំពាវនាវដល់លោកឧកញ៉ា ក្រុមហ៊ុនឯកជន ចូលរួមគាំទ្រសកម្មភាពក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ៕

មតិ