អាជ្ញាកណ្តាល និងចៅក្រមប្រដាល់សកលនឹងបែងចែក៣កម្រិត សម្រាប់កីឡាជាតិលើកទី២ ឆ្នាំ២០១៨ និងស៊ីហ្គេម ឆ្នាំ២០២៣

0
275

ភ្នំពេញ ៖ ថ្លែងក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិ, លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានចាត់ទុកថា វគ្គនេះជាការចាប់ផ្តើមដ៏ល្អមួយក្នុងការបណ្តុះបាននូវធនធានអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិ ដោយត្រូវបានបែងចែជា៣កម្រិត A B និងC ដើម្បីចួលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី២ នាឆ្នាំ២០១៨ខាងមុខ ជាពិសេសគឺក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។
ប្រធានសហព័ន្ធកីឡាប្រដាល់សកលរូបនេះបន្ថែមថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចំនួន៤៣នាក់ ប៉ុន្តែយើងបានបែងចែកតាមកម្រិតបច្ចេកទេស និងសមត្ថភាពរបស់មន្ត្រីទាំងអស់នេះដើម្បីធ្វើឲ្យកាន់តែរឹងមាំសម្រាប់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ នាពេលខាងមុខ។
លោកបន្ថែមថា ក្រោយឆ្លងកាត់ការសិក្សារយៈពេល២ថ្ងៃ លោកសង្កេតឃើញសិក្ខាកាមទាំងអស់បានបង្ហាញពីស្មារតីចូលរួមយ៉ាងផុលផុស និងបានទទួលនូវចំណេះដឹងថ្មីៗជាច្រើនពីគ្រូឧទ្ទេសកម្រិតផ្កាយ៣ លោក Paboon មកពីប្រទេសថៃ ដែលជាមន្ដ្រីបច្ចេកទេសរបស់សមាគមកីឡាប្រដាល់សកលអន្ដរជាតិ ដូចជាបទបញ្ជាបច្ចេកទេស បទបញ្ញត្តិថ្មីៗ ការផ្ដល់ពិន្ទុ និងការវិនិច្ឆ័យសម្រាប់អាជ្ញាកណ្ដាល-ចៅក្រម រួមទាំងនីតិវិធីក្នុងការថ្លឹងទម្ងន់មុនការប្រកួតជាដើម។ លោកជឿជាក់ថា មន្ត្រីអាជ្ញាកណ្តាល និងចៅក្រមទាំងអស់នឹងយកចំណេះដឹងពីការសិក្សានេះទៅប្រើប្រាស់ស្របតាមស្ដង់ដារអន្ដរជាតិ ដើម្បីជាប្រយោជន៍ក្នុងការត្រៀមកាត់សេចក្ដីលើសង្វៀនធំៗ ជាពិសេសគឺ ស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជាតែម្តង។ ដូច្នេះដើម្បីបញ្ជាក់កាន់តែច្បាស់ពីគុណភាព និងសមិទ្ធផលរបស់សិក្ខាកាមទាំងអស់សហព័ន្ធបានបង្កើតក្រុមគណៈកម្មការវិនិច្ឆ័យមួយក្រុម សម្រាប់ដាក់ពិន្ទុដល់សិក្ខាកាម និងបែងចែកកម្រិតសមត្ថភាពរបស់សិក្ខាកាមម្នាក់ៗ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធ បានបញ្ជាក់បន្ថែមថា ដោយសារកន្លងមកមន្ដ្រីអាជ្ញាកណ្ដាល និងចៅក្រមមួយចំនួន បានកាត់សេចក្ដីក្នុងការប្រកួតគុនខ្មែរផង និងប្រដាល់សាកលផលអាចនឹងធ្វើឲ្យកើតមានកំហុសខ្លះៗ ក្នុងការកាត់សេចក្ដី ដូច្នេះលោករំពឹងថា អាជ្ញាកណ្ដាល-ចៅក្រមទាំងអស់នឹងយល់ដឹងកាន់តែច្បាស់ពីតួនាទីរៀងៗខ្លួន ដើម្បីកែប្រែទម្លាប់ចេះតៗគ្នា  មកប្រើប្រាស់តាមក្បួនខ្នាតស្ដង់ដារឡើងវិញ៕

មតិ