បើរៀបចំផែនការហើយមិនបានធ្វើ យើងនឹងយឺតសម្រាប់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

0
537

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងថា ពេលនេះគឺយើងគិតផង ធ្វើផង ដោយមិនអាចរង់ចាំរៀបចំគម្រោងសាលាតម្រង់បាល់ទាត់ ឬការអភិវឌ្ឍយុវជនថ្នាលបាល់ទាត់ឲ្យរួចរាល់ហើយ បានចាប់ផ្តើមធ្វើនោះទេ បើមិនដូច្នេះទេ គឺយើងនឹងអាចយឺតសម្រាប់ការឈានទៅរកការរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តមបានបញ្ជាក់បែបនេះ នៅក្រោយពីបញ្ចប់កម្មវិធីប្រគល់ និងទទួលការឧបត្ថម្ភពីសមាគមកូរ៉េចំនួន ៤ម៉ឺនដុល្លារជាថវិកាចំនួន២ម៉ឺនដុល្លារ និង២ម៉ឺនដុល្លារផ្សេងទៀតជាសម្ភារៈ នៅសណ្ឋាគារ Le Royal។ សម្រាប់គម្រោងអភិវឌ្ឍន៍សាលាតម្រង់ទិសបាល់ទាត់នេះ ទទួលបានការជួយឧបត្ថម្ភពីបណ្តាសម្បុរសជនច្រើនជាង១០ ហើយពេលនេះទទួលបានពីមូលនិធិការចែករំលែកសេចក្តីស្រឡាញ់បាល់ទាត់កូរ៉េ និងមូលនិធិដើម្បី ផ្លាស់ប្តូរវប្បធម៌ពិភពលោក។ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទាត់រូបនេះអះអាងទៀតថា ទោះបីជាមានការឧបត្ថម្ភពីបណ្តាដៃគូជាច្រើនក៏ពិតមែន ប៉ុន្តែវាមិនគ្រប់គ្រាប់ ឬមិនទាន់ឆ្លើយទៅនឹងការចំណាយលើគម្រោងអភិវឌ្ឍមួយនេះនៅឡើយ ដោយសារសហព័ន្ធមិនត្រឹមតែបណ្តុះបណ្តាលកីឡាករ កីឡាការិនីថ្នាលប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងទីលាន បាល់ទាត់នានានៅតាមបណ្តាខេត្តនានាផងដែរ ជាក់ស្តែងកំពុងធ្វើទីលាននៅខេត្តត្បូងឃ្មុំ ដោយត្រូវចំណាយប្រហាក់ប្រហែល១២ម៉ឺនដុល្លារ ហើយនៅខេត្តស្វាយរៀង កំពុងត្រៀមរៀបចំធ្វើទីលាន ដាំស្មៅ និងចាក់ដីបំពេញប្រមាណ២សែនម៉ែត្រគីប ដោយត្រូវចំណាយពី១៥ម៉ឺនដុល្លារ ទៅ២៥ម៉ឺនដុល្លារ។ ចំពោះទីលាននៅខេត្តផ្សេងៗទៀតនឹងត្រូវចំណាយខុសគ្នា ដោយសារស្ថានភាពទីតាំងខុសគ្នា ដោយអាចតិចជាងនេះ ឬច្រើនជាងនេះ។ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ ប្រធានសហព័ន្ធបាល់ទាត់ក៏កំពុងចាប់ផ្តើមអភិវឌ្ឍលើប្រភេទ បាល់ទាត់នារីទូទាំងប្រទេសដែរ ដើម្បីផលិតបាននូវធនធានសម្រាប់ក្រុមជម្រើសជាតិនារី នាពេលខាងមុខនេះ ដោយកីឡាការិនីមានសក្តានុពលមកពីខេត្តស្វាយរៀង និងបាត់ដំបង៕

មតិ