ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួន ក្រុមខ្មាន់កាំភ្លើងបាញ់សេរី នៅចំការតែលើភ្នំគីរីរម្យ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន ៤នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ខ្មាន់កាំភ្លើងទាំង ៤នាក់ និងបក្ខពួក ដែលរត់គេចខ្លួន ត្រូវបានតំណាងអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ៖ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ។
ជនសង្ស័យដែលចោទប្រកាន់រួមមាន៖
១-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ (កាន់កាំភ្លើងម៉ាក BERETTA)
២-ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ (កាន់កាំភ្លើងម៉ាក PACOLT)
៣-ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៤ឆ្នាំ (កាន់អាវុធខ្លី ម៉ាក CANIKSS)
៤-ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣២ឆ្នាំ (គ្មានអាវុធ)
៥-ឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ (រត់គេចខ្លួន)។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង៣០នាទី រសៀល នៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណី ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កដោយជនល្មើសមួយក្រុម មានគ្នាប្រមាណ ២០ នាក់ ជួបជុំផឹកស៊ីច្រៀងរាំ ស្រាប់តែបានផ្ទុះអាវុធ នៅកន្លែងកម្មវិធី ដោយបាញ់ឡើងទៅលើ ការផ្ទុះអាវុធបន្ត រហូតដល់ម៉ោង ០៦ និង ០០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទើបអ្នកទាំងអស់នោះ បញ្ឈប់ការបាញ់បោះសប្បាយ និងគេចចេញពីកន្លែងកើតហេតុ ខាងលើ ។
ក្រោយពីបានទទួលនូវព័ត៌មានខាងលើ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ព្រះរាជអាជ្ញា ស៊ិន វិរៈបានចុះផ្ទាល់ដល់កន្លែងកើតហេតុ ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធមូលដ្ឋាន ចុះស្រាវជ្រាវពិនិត្យរកឃើញថា ទីតាំងខាងលើ ជារបស់ឈ្មោះ កង តារាវិតា ភេទស្រី អាយុ២៨ឆ្នាំ ហើយនៅថ្ងៃកើតហេតុខាងលើមានឈ្មោះ កង តារាវិឆៃ ដែលត្រូវជាបងប្រុសរបស់ កង តារាវិតា បាននាំមិត្តភក្ររបស់ខ្លួន មកធ្វើខួប កំណើតដុតផាវ បាញ់កាំជ្រួច និងផ្ទុះអាវុធជាច្រើនគ្រាប់។ កន្លែងកើតហេតុ បានបន្សល់ នូវវត្ថុតាងជាសំបកគ្រាប់ បាញ់រួច មានចំនួន២០៣គ្រាប់ (សំបកគ្រាប់កាំភ្លើងខ្លីចំនួន ១១២សំបក, សំបកគ្រាប់កាំភ្លើង ប្រភេទ M16 ចំនួន៣៦សំបក និងសំបកគ្រាប់កាំភ្លើងប្រភេទ AK47 ចំនួន៥៥សំបក) និងស្រោមកាំភ្លើងខ្លីមួយ ព្រមទាំង បានធ្វើកំណត់ហេតុ បិទទីតាំងខាងលើ ជាបណ្តោះអាសន្ន។
អំឡុងពេលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ ជនសង្ស័យ ចំនួន ០៤រូប រួមមាន៖ ១-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុសអាយុ៣៧ឆ្នាំ ២-ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ ៤០ឆ្នាំ ៣-ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៤ឆ្នាំ និង ៤-ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣២ឆ្នាំ បានចូលមកសារភាព នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ចំណែកឈ្មោះ កង តារាវិឆៃភេទប្រុស អាយុ៣២ឆ្នាំ និងបក្ខពួក កំពុងគេចខ្លួន ។
នគរបាលយុត្តិធម៌ ទាំងស្នងការដ្ឋាន និងកងរាជអាវុធហត្ថ រួមជាមួយអយ្យការអមសាលា ដំបូងខេត្តកំពង់ស្ពឺ ខិតខំប្រឹងប្រែងស្រាវជ្រាវដោយយកចិត្តទុកដាក់ កសាងសំណុំរឿង បញ្ជូនជនពាក់ព័ន្ធខាងលើ មកអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕



Discussion about this post