រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ក្រោយពីមានករណីទំនាស់រឿងដីផ្លូវចូលផ្ទះដែលមានក្បាលត្រឹម១,២ម៉ែត្រប៉ុណ្ណោះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមនិងខ្មែរឥស្លាមដូចគ្នា ត្រង់ចំណុចទីលំនៅក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលរហូតឈានដល់ដំណាក់កាលទាស់គ្នាប្រើសម្តីជេរប្រមាថនិងរកប្រើអំពើហិង្សា ដាក់លើភាគីរងគ្រោះជាប្រជាពលរដ្ឋឥស្លាមមានផ្ទះដីខាងក្រោយដីផ្លូវចូល។

សំណួរសួរថា? អ្នកមានដីនិងផ្ទះខាងក្រោយផ្លូវចូលសុខៗ បែរជាបាត់ផ្លូវចូលផ្ទះ ហើយរងសម្ពាធពីការធ្វើបាបនិងបិទផ្លូវចូលទៀត។ រឿងនេះដល់ថ្នាក់សូម្បីតែ មេភូមិ មេឃុំ និង ស្រុក ចេញមុខជួយសម្របសម្រួលដោះស្រាយ ក៏មិនចេញដែរ ? បានត្រឹមមើលរាស្រ្តអ្នកក្រីក្រទឹកភ្នែក ព្រោះទង្វើអ្នកជិតខាងរំលោភបំពានកិច្ចសន្យាផ្លូវដើរឆ្លងកាត់រួមគ្នា។
ទំនាស់រឿងដីផ្លូវចូលផ្ទះរបស់ខ្មែរឥស្លាម អ្នកស្រី ហ៊ីម ម៉ៃយ៉ាស់(ផ្ទះនៅក្រោយ) មានទំនាស់ ជាមួយអ្នកស្រី ពុធ អៃសាល់(ផ្ទះនៅមុខ) បានឈានដល់ការប្តឹងទាស់ពីថ្នាក់ភូមិ និង ឃុំ រួចហើយ ប៉ុន្តែមូលដ្ឋានថ្នាក់ក្រោមមិនអាចរកដំណោះស្រាយការចរចារបានឡើយ ដោយម្ចាស់ដីផ្លូវមុខ អ្នកស្រី ពុធ អៃសាល់ មិនព្រមចេញមុខដោះស្រាយឡើយហើយព្រមទាំងធ្វើការអះអាងថាជាដីផ្លូវចំហៀងផ្ទះជារបស់ខ្លួន ដោយបានធ្វើបិទផ្លូវចំហៀងច្រកមុខ មិនអោយក្រុមគ្រួសារអ្នកខាងក្រោយរបស់ អ្នកស្រី ហ៊ីម ម៉ៃយ៉ាស់ អាចចូលផ្ទះបានដោយស្រួលឡើយ។

អ្វីដែលក្រុមគ្រួសារអ្នកនៅក្រោយមានការឈឺចាប់និងរស់នៅដេកមិនស្ងប់នោះ គឺម្ចាស់ដីផ្ទះខាងមុខ អ្នកស្រី ពុធ អៃសាល់ តែងតែរំលោភបំពានក្នុងការសាងសងផ្លូវចំហៀងដោយធ្វើរបង បិទផ្លូវចំហៀងមិនអោយអ្នកភូមិជិតខាងដែលជាខ្មែរឥស្លាមដូចគ្នា ចេញចូលរស់នៅដោយស្រួលឡើយ។
នៅពេលអ្នកស្រី ហ៊ីម ម៉ៃយ៉ាស់(អ្នកនៅផ្ទះក្រោយ) ជំទាស់និងមិនព្រមឱ្យធ្វើការសាងសង់ផ្លូវរបងបិទចក្រចូល តែងតែត្រូវបានភាគីរបស់អ្នកស្រី ពុធ អៃសាល់ ដែលមានអត្តចរិតកោងកាចចេញមុខគំរាម ក្នុងន័យគៀបសង្កត់ទៅលើ ភាគីម្ខាងទៀត ដោយអាងថា ខ្លួនមានសិទ្ធកាន់កាប់ចំណែកដីផ្លូវចំហៀងផ្ទះនេះ ទាំងដែលដីកំពុងមានទំនាស់នេះមិនទាន់ទាំងធ្វើប្លង់កាន់កាប់រួចរាល់ផង។
អ្នកស្រី ហ៊ីម ម៉ៃយ៉ាស់ បានសំពះលើកដៃសុំអង្វរដល់ថ្នាក់ដឹកនាំស្រុកស្អាង និងខេត្តកណ្តាល សូមចុះជូយដោះស្រាយនិងមានវិធានការ ដល់ក្រុមគ្រួសាររបស់អ្នកស្រីផង ព្រោះការរស់នៅវេទនាណាស់ ដោយរងសម្ពាធការបិទផ្លូវច្រកចូលផ្លូវ ហើយត្រូវទៅសុំផ្លូវដើរចូលផ្ទះពីអ្នកជិតខាងក្បែរនោះ ដើម្បីចូលផ្ទះបាន ។

ក្រោយទទួលបានដំណឹងនិងរាយការណ៍ពីភាពរងទុក្ខលំបាកបែបនេះហើយ បណ្តាក្រុមអ្នកសារព័ត៌មានជាច្រើនបានចុះពិនិត្យផ្ទាល់ បានមើលឃើញទិដ្ឋភាពដូចអ្វីដែលអ្នកស្រីរងគ្រោះ អ្នកស្រី ហ៊ីម ម៉ៃយ៉ាស់ បានរៀបរាប់មែន។ នៅចំពោះមុខក្រុមអ្នកសារព័ត៌មានលោកមេឃុំ ស្វាយប្រទាល ក៏បានផ្តល់កិច្ចសំភាសន៍ដោយផ្ទាល់លោកបានបញ្ជាក់ថា ចំពោះទំនាស់ដីផ្លូវដើរចូលផ្ទះរបស់ អ្នកស្រី ហ៊ីម ម៉ៃយ៉ាស់ រវាងអ្នកស្រី ពុធ អៃសាល់ គឺបានទាស់គ្នារយៈពេលរាប់ខែមកហើយ បន្ទាប់ពីជីដូនរបស់អ្នកស្រី ហ៊ីម ម៉ៃយ៉ាស់ ទទួលមរណៈភាពដែលជាសាក្សីដឹងលឺច្បាស់ដីចំណែកផ្លូវប្រើរួមគ្នារវាងអ្នកខាងមុខនិងខាងក្រោយ។
កន្លងមកលោកមេឃុំបានកោះហៅភាគី អ្នកស្រី ពុធ អៃសាល់ ចូលខ្លួនដោះស្រាយទំនាស់នេះ ប៉ុន្តែមិនព្រមចូលខ្លួនដោះស្រាយ ឬ ព្រមចរចាររកដំណោះស្រាយណាមួយដើម្បីអាចរស់នៅជិតគ្នាបានស្រួលបានឡើយ។ ចុងក្រោយនៃការកោះហៅដោះស្រាយ លើកទី៣ អ្នកស្រី ពុធ អៃសាល់ បែរជាអោយកូនរបស់ខ្លួនមកដោះស្រាយជំនួសទៅវិញ ហើយលទ្ធផលគឺគ្មានដំណោះស្រាយឡើយ នៅបន្តមានទំនាស់គ្នា ឈានដល់ការបិទផ្លូវនិងធ្វើរបងបាំងផ្លូវរួមមិនអាចដើរឆ្លងកាត់បានដដែល។

ប៉ុន្តែភាគីម្ចាស់ដីផ្ទះមុខគឺអ្នកស្រី ពុធ អៃសាល់ ដែលកំពុងរំលោភយកដីផ្លូវដើរចំហៀងផ្ទះផ្លូវរួមរបស់អ្នកមុខនិងអ្នកខាងក្រោយមកកាន់កាប់ បានចេញមុខបកស្រាយនិងឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលចុះទៅដល់ដោយអះអាងថា ពួកគេអោយភាគីផ្ទះខាងក្រោយដើរឆ្លងកាត់ធម្មតា និងបានធ្វើការបដិសេធចំពោះការចោទប្រកាន់របស់អ្នកស្រី ហ៊ីម ម៉ៃយ៉ាស់ ថាមិនបានបិទផ្លូវឆ្លងកាត់ឬគំរាមអ្វីនោះទេ ហើយពួកគេក៏មានឯកសារគ្រប់គ្រងដី ឯកសារទិញលក់ដីតាំងពីឆ្នាំ១៩៩៥មកផងដែរ។
ក្រោយមកទៀតរឿងនេះកាន់តែរកឃើញការពិតហើយ ដោយម្ចាស់ផ្ទះខាងមុខដែលគ្រប់គ្រងដីផ្លូវដើរចំហៀងធ្វើទាំងរបងព័ន្ធជិតជុំវិញនិងចាក់ដីឡើងខ្ពស់ផុសផ្ទះអ្នកជិតនោះ ត្រូវបានមន្ទីរសុរិយាដីស្រុកស្អាងខេត្តកណ្តាលបានបញ្ជាក់មកថា អ្នកស្រី ពុធ អៃសាល់ មិនទាន់មានប្លង់កម្មសិទ្ធពេញលេញនៅឡើយ ខណៈកំពុងដាក់ពាក្យស្នើរសុំធ្វើប្លង់រឹង ដោយបូកបញ្ជូលយកដីផ្លូវចំហៀងផ្ទះមកដែរ។ ប៉ុន្តែករណីនេះ ត្រូវបាន អ្នកស្រី ហ៊ីម ម៉ៃយ៉ាស់ ប្តឹងជំទាស់ជារើយៗតាំងពីថ្នាក់ភូមិ, ឃុំ, មន្ទីរ,និងចុងក្រោយដល់សាលាស្រុកជាផ្លូវការហើយ។ ថ្មីៗនេះ មន្ត្រីថ្នាក់ស្រុកបានចុះមកហាមឃាត់ដល់ភាគី អ្នកស្រី ពុធ អៃសាល់ កុំអោយបន្តអភិវឌ្ឍន៍លើផ្លូវមានទំនាស់ឬបិទផ្លូវនោះទៀត ប៉ុន្តែការហាមឃាត់របស់អាជ្ញាធរស្រុកស្អាង នៅតែមិនអាចបានជួយក្រុមគ្រួសារអ្នកស្រី ហ៊ីម ម៉ៃយ៉ាស់ បានឡើយមើលឃើញថា មកដល់ថ្ងៃនេះត្រូវដើរចូលផ្ទះសុំផ្លូវពីអ្នកជិះក្បែរនោះ ព្រោះអ្នកជិតខាងនោះ មានក្តីមេត្តាអាណិតអាសូរស្រ្តីរងគ្រោះជាពិសេសក្មេងៗរស់យ៉ាងវេទនា៕








