លោក ហែម ដារឹទ្ធ អភិបាលនៃគណៈអភិបាលមានជ័យ ទំនងចង់រក្សាបនល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ទោះបីដឹងថាមានទីតាំងបើកល្បែងស៊ីសងខុសច្បាប់តែមិនបញ្ជាកម្លាំងចុះត្រួតពិនិត្យ ឬបង្ក្រាបឡើយ ខណៈប្រជាពលរដ្ឋកំពុងមានការព្រួយបារម្មពីសុវត្តិភាព។

សូមបញ្ជាក់ថា ទីតាំងបើកល្បែងស៊ីសងមួយកន្លែងនៅតាមបណ្ដោយផ្លូវបេតុង ចូលតាមសាលាអន្តរជាតិណត់ឡាញន៍ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានច័យទី១ ខណ្ឌមានជ័យ កំពុងបើកដំណើរការយ៉ាងរលូនបង្កភាពអាណាធិបតេយ្យដល់ពលរដ្ឋរសនៅជិតទីតាំងនោះ។ បើតាមពលរដ្ឋដែលរស់នៅដំបន់ជិតទីតាំងបើកល្បែងស៊ីសងនោះបានលើកឡើងថា ទីតាំងល្បែងស៊ីសងនេះ បើកលេងទាំងយប់ទាំងថ្ងៃដោយឃើញមានអ្នកញៀនល្បែងចេញចូល ដោយអ្នកខ្លះរូបរាងដូចអ្នកញៀនថ្នាំគួរឲ្យខ្លាច។ ប្រភពដដែលបន្តថា ល្បែងស៊ីសងនេះជាប្រភពនៃបទល្មើសចោរកម្ម លួចឆក់ប្លន់ ដោយសារតែក្រុមញៀនល្បែងទាំងនោះពេលលេងចាញ់ក៏បែកគំនិតដើររកលុយមកលេងបន្ត ទោះបីប្រើវិធីណាក៏ដោយ។

ពាក់ព័ន្ធបញ្ហានេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារយើងបានទំនាក់ទំនងទៅលោក ហែម ដារឹទ្ធ អភិបាលនៃគណៈអភិបាលមានជ័យ ដើម្បីសុំធ្វើការឆ្លើយបំភ្លឺតាមប្រព័ន្ធTelegram ដោយលោកបានឆ្លើយយ៉ាងខ្លីថា Ok តែរហូតមកដល់ពេលនេះ ទីតាំងល្បែងស៊ីសងនោះ នៅតែអាចបើកដំណើរការបានជាធម្មតាដដែល ដោយមិនមានកម្លាំងអាជ្ញាធរ ឬសមត្ថកិច្ចណាមួយចុះពិនិត្យឬបង្ក្រាបឡើយ។ នេះជាការបង្ហាញថា លោកអភិបាលខណ្ឌមានជ័យ ទំនងចង់ថែរក្សាល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខរបស់ពលរដ្ឋឡើយ៕



