ទីតាំងបើកល្បែងស៊ីសងគ្មានយីហោមួយកន្លែង នៅតាមបណ្ដោយផ្លូវបេតុង ចូលតាមច្រកសាលាអន្តរជាតិ ណតឡាញន៍ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កំពុងបើកដំណើរការយ៉ាងរលូនបង្កភាពអាណាធិបតេយ្យដល់ពលរដ្ឋរស់នៅជិតទីតាំងនោះ។

បើតាមពលរដ្ឋដែលរសនៅដំបន់ជិតទីតាំងបើកល្បែងស៊ីសងនោះបានលើកឡើងថា ទីតាំងល្បែងស៊ីសងនេះ បើកលេងទាំងយប់ទាំងថ្ងៃដោយឃើញមានអ្នកញៀនល្បែងចេញចូល ដោយអ្នកខ្លះរូបរាងដូចអ្នកញៀនថ្នាំគួរឲ្យខ្លាច។ ប្រភពដដែលបន្តថា ល្បែងស៊ីសងនេះជាប្រភពនៃបទល្មើសចោរកម្ម លួចឆក់ប្លន់ ដោយសារតែក្រុមញៀនល្បែងទាំងនោះពេលលេងចាញ់ក៏បែកគំនិតដើររកលុយមកលេងបន្ត ទោះបីប្រើវិធីណាក៏ដោយ។ ពួកគាត់បាននិងកំពុងព្រួយបារម្មពីសុវត្តិភាព និងការបាត់បង់ទ្រព្យសម្បត្តិដោយសារតែមានទីតាំងបើកល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ពួកគាត់។

ទន្ទឹមនឹងការព្រួយបារម្មនេះ ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ជាពិសេសអាជ្ងាធរខណ្ឌមានជ័យ សូមចុះពិនិត្យ និងបង្ក្រាបទីតាំងបើកល្បែងស៊ីសងនេះ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ និងទប់ស្កាត់បទល្មើសចោរកម្ម ជាពិសេសការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្តិភាព៕


