ភ្នំពេញ ៖ ជនសង្ស័យដែលបាន ធ្វើសកម្មភាពកាប់នារីម្នាក់ជាសង្សារដល់ក្នុងផ្ទះជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន បានហើយ នៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៣នៅក្រុងបាវិត ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ករណីបានកើតឡើងកាលពីវេលាម៉ោង៧និង៤២នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះក្នុងបុរីពិភពថ្មីឈូកមាស ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ លឿង ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញក្រុងបាវិត ខេត្តស្វាយរៀង ។ ចំណែកនារីរងគ្រោះឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅភូមិចង្ក្រង ឃុំចង្ក្រងស្រុកចិត្របុរី ខេត្តក្រចេះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើ នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យទៅសមត្ថកិច្ចនៃអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណី កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕
