ភ្នំពេញ ៖ ស្ត្រីម្នាក់ស្លាប់ក្នុងថ្លុកឈាម នៅក្នុងផ្ទះ មានបាត់បង់ទ្រព្យសម្បត្តិ លុយកាក់ទៅជាមួយ សង្ស័យជាករណីអារកសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ហើយជនសង្ស័យរត់គេចខ្លួនបាត់ បង្កឱ្យភ្ញាក់ផ្អើលនាវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នៅក្នុងផ្ទះជនរងគ្រោះ តាមផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីរងគ្រោះ ឈ្មោះ ឈឹម ស្រីមុំ អាយុ៤០ឆ្នាំ មុខរបរ លក់ដូរនៅផ្ទះកើតហេតុ មានប្តីជាជាងជួសជុលបរិក្ខាអគ្គសនី មានកូន២នាក់ប្រុស១នាក់ ស្រី១នាក់ នៅក្នុងបន្ទុក រស់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិព្រៃតាមូ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែកខេត្តស្វាយរៀង ។
តាមសម្តីបុរសជាប្តី បានឱ្យដឹងថា មុនកើតហេតុ ប្រពន្ធរបស់គាត់នៅលក់ដូរ នៅផ្ទះ តែម្នាក់ឯងទេ ផ្នែកខាងក្រោម រីឯបន្ទប់ជាន់ខាងលើ ជួលឱ្យគេស្នាក់នៅ ចំណែកគាត់ជាប់រវល់ នៅប្រកបរបរ លក់ដូរ ជួសជុលបរិក្ខាអគ្គិសនី នៅផ្លូវចោមចៅមុខផ្ទះឡ រីឯកូន២នាក់ទៅរៀន លុះនៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ គ្រាដែលកូនគាត់ទាំង២នាក់ចេញពីសាលាដល់ផ្ទះ ក៏ប្រទះឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាម ផ្អើលអ្នកជិតខាង ទូរស័ព្ទប្រាប់គាត់ មកដល់ផ្ទះឃើញប្រពន្ធដេកស្លាប់ ប្រឡាក់សុទ្ធតែឈាម មានស្នាមរយះក និងបាត់បង់លុយកាក់ ទ្រព្យសម្បត្តិ ។
ក្រោយពីមានករណីឃាតកម្មអារកសម្លាប់ស្ត្រីម្នាក់ ប្លន់យកទ្រព្យសម្បត្តិ ជនសង្ស័យរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ដល់ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យស្រាវជ្រាវ ករណីនេះ៕



