រាជធានីភ្នំពេញ៖ ក្នុងដំណើរកម្សាន្តមកកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្រុមអ្នកជំនួញធំៗរបស់ប្រទេសរុស្ស៊ី ចេញពីវិស័យសុខាភិបាល, រ៉ែថាមពល និង សំណង់ បន្ទាប់ពីបានចេញប្រទេសថៃជួបបណ្តាញមន្ត្រីនិងពាណិជ្ជករថៃ រួចហើយក៏បន្តមកដល់កម្ពុជា ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ដោយដឹកនាំលោកជំទាវ ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបជាមួយក្រុមពាណិជ្ជករកម្ពុជា រួមទាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងអ្នកជំនួញដែលជាអតីតនិស្សិតនៅប្រទេសរុស្ស៊ីនិងបណ្តាញអាជីវកម្មទាំងអស់របស់ M-Jira ជាមួយនឹងក្រុមពាណិជ្ជកររុស្ស៊ីដោយចាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យថាមពល, រោងចក្រថាមពលពីឡដុត, អចលនទ្រព្យ រួមទាំងអាជីវកម្មកែសម្ផស្ស នៅក្នុងប្រទេសកម្ពុជានាពេលអនាគត។
លោកស្រីវេជ្ជបណ្ឌិត Irina Nikolaevna Aksenova (អ៊ី រីណា នីកៅលីវណា អ៊សស៊ីណូវ៉ា) អគ្គនាយិកាក្រុមហ៊ុន TRO MOO IPPO លើកកម្ពស់វិស័យវប្បធម៌និងពាណិជ្ជកម្មអន្តរជាតិនិងរុស្ស៊ី បានថ្លែងថា គណៈប្រតិភូរុស្ស៊ីរបស់លោកស្រីពិតជាអារម្មណ៍ត្រេកអរចំពោះការស្វាគមន៍ដ៏ល្អ ប្រកបដោយកត្តិយសចំពោះប្រទេសពីរថៃនិងកម្ពុជា សម្រាប់រុស្ស៊ី ហើយក្រោយពីការជួបជុំនិងណែរនាំខ្លួន ក៏ដូចជាការបង្ហាញឆន្ទៈគោលបំណងរបស់ពាណិជ្ជកររុស្ស៊ីរបស់លោកស្រីហើយ សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានិងសភាណិជ្ជកម្មកម្ពុជា ផ្តល់ឱកាសបន្ថែមទៀត ឱ្យកាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកររុស្ស៊ី អាចចូលមកកាន់ទីផ្សារកម្ពុជា។ អ្វីដែលកក់សម្គាល់នោះគឺ ផលិតផលកសិកម្មរបស់កម្ពុជា គឺជាគោលដៅចំបងមួយ ដែលរុស្ស៊ីបានសម្លឹងឃើញដូចគ្នា។
ក្នុងជំនួបនេះជំទាវ ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងថែរក្សាសម្រស់ M-Jira របស់កម្ពុជា ក៏បានបញ្ជាក់ពីគោលដៅដែ មានទាំងអ្នកជំនួញមកពីថៃនិង រុស្សី ជាមួយសភាសភាពាណិជ្ជកម្មកម្ពុជាថា គណៈប្រតិភូរបស់រុស្ស៊ីលើកនេះគឺសុទ្ធសឹងជាបណ្តាថ្នាក់ដឹកនាំនៃអគ្គនាយកក្រុមហ៊ុនពាក់ព័ន្ធចេញពីវិស័យសុខាភិបាល, រ៉ែថាមពល និង សំណង់ ដោយក្នុងជំនួបពាណិជ្ជកម្មនេះ មានការសម្របសម្រួលពីសមាគមធុរកិច្ចថៃ ប្រចាំនៅកម្ពុជាក្នុងគោលបំណងដើម្បីស្វែងយល់អំពីបរិយាកាសធុរកិច្ចនិងពាណិជ្ជកម្មនៅកម្ពុជា ដើម្បីត្រៀមរកកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគត រវាងក្រុមហ៊ុនថៃនិងរុស្ស៊ីចូលមកក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅដល់ លោកស្រី Irina Nikolaevna Aksenova (អ៊ី រីណា នីកៅលីវនា អ៊សស៊ីណូវ៉ា) ដែលមានចំណាប់អារម្មណ៍ចំពោះសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាលើកទឹកចិត្តអោយមានកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជា។
ឯកឧត្តម ឧកញ៉ា អគ្គនាយកបានថ្លែងអំណរគុណដល់ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ចំពោះការសម្របសម្រួលអោយមានជំនួបនេះកើតឡើង។ ក្នុងជំនួប ដែលបានធ្វើឱ្យជំនួបនេះប្រព្រឹត្តទៅយ៉ាងជោគជ័យ និងប្រកមដោយភាពស្និតស្នាលបំផុត៕