ភ្នំពេញ ៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណកម្មាធិការសិទ្ធមនុស្សកម្ពុជា បានគូសបញ្ជាក់ថា បើប្រទេសគ្មានសុខសន្តិភាពទេ វិស័យកីឡាក៏មិនអាចរីកចម្រើនបានដែរ ហើយកីឡានេះហើយដែលនាំឱ្យកិត្យានុភាពជាតិត្រូវបានលើកកម្ពស់ ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសជួបសំណេះសំណាលនិងលើកទឹកចិត្ត នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ជាមួយកីឡាករ ឈុន ប៊ុនថន ដែលឈ្នះមេដាយមាសដំបូងបំផុត លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ប្រណាំង ៨០០ម៉ែត្រ ផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
កីឡាករ ឈុន ប៊ុនថន បានបង្ហាញនូវក្តីសប្បាយរីករាយបំផុតដែលខ្លួនមិននឹកស្មានថាទទួលបានលទ្ធល្អបែបនេះទាល់តែសោះ ហើយជោគជ័យនេះមិនមែនសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ គឺសម្រាប់ប្រជាជន និងប្រទេសកម្ពុជា ។ កីឡាកររូបនេះក៏បាននិយាយថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានដឹកនាំកម្ពុជាឱ្យមានការរីកចម្រើន រហូតធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។
ជាមួយគ្នានេះ ឯកឧត្តម កែវ រ៉េមី បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ ឈុន ប៊ុនថន ដែលឈ្នះមេដាយមាសដំបូងបំផុត លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ប្រណាំង ៨០០ម៉ែត្រ ផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលបានបង្ហាញពីមោទនភាពរបស់ប្រជាជន និងប្រទេសកម្ពុជា ។ ឯកឧត្តម ក៏បានលើកទឹកចិត្តនិងផ្តាំផ្ញើដល់កីឡាករ ឈុន ប៊ុនថន មិនត្រូវមានមោទនភាពជ្រុល និងឈ្លក់វង្វេងលើជ័យជំនះរបស់ខ្លួនពេកនោះទេ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីដុសខាតសមត្ថភាពកាន់តែខ្លាំង ឈានឆ្ពោះទៅការប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីយកជ័យជំនះជូនជាតិនិងប្រជាជនបន្ថែមទៀត ។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណកម្មាធិការសិទ្ធមនុស្សកម្ពុជា មានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់តែអភិវឌ្ឍរីកចម្រើនប៉ុណ្ណោះទេ ក្នុងវិស័យកីឡាក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ជាក់ស្តែងកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលជាមោទនភាពបំផុតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ហើយប្រភេទកីឡាជាច្រើនក៏ទទួលបានមេដាយ និងលទ្ធផលល្អៗផងដែរ ។ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណកម្មាធិការសិទ្ធមនុស្សកម្ពុជា ក៏បានឧបត្ថម្ភថវិកាដល់កីឡាករ ឈុន ប៊ុនថន ចំនួន៦លានរៀន ៕




