រាជធានីភ្នំពេញ៖ កាលល្ងាចថ្ងៃទី ២៣ ខែតុលា ម្សិលមិញនេះ ការប្រកួតដណ្ដើមពានរង្វាន់ KW Cambodia League ឆ្នាំ២០២២ បានបញ្ចប់ដោយជោកជ័យលើទីលានវិទ្យាល័យបឹងត្របែក ក្រោយពីក្រុមបាល់ទាត់ Khmer United បានលើកពាន KW Cambodia League អបជាមួយមេដាយមាស និង ទឹកប្រាក់ប្រមាណ ៤០លានរៀល។ ខណៈការប្រកួតនេះបានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២មកម្លេះ។ក្នុងជំនួបដ៏តានតឹងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញនេះ ក្រុមKhmer United បានបាត់បង់សមាជិកម្នាក់ តាំងពីដើមវគ្គទី១ បន្ទាប់ពីត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម ដែលធ្វើឲ្យក្រុម TN Kandal មានប្រៀប តែយ៉ាងណាអតីតក្រុមជើងឯកឆ្នាំ២០២០ នេះ មិនអាចរកគ្រាប់បាល់បានឡើយ ។ ផ្ទុយទៅវិញ Khmer United បានរកគ្រាប់នាំមុខ ១គ្រាប់មុន ដែលធ្វើសម្រេចដោយការទាត់បាល់ចេញពីជ្រុងយ៉ាងល្អរបស់កីឡាករ កែវ ជាតួ នៅនាទី១៩ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះនៃការប្រកួតនេះដែរ ។
ក្រុមបាល់ទាត់ TN កណ្ដាលដែលក្លាយជាជើងឯករងនោះ ទទួលបានប្រាក់រង្វាន់ ២០លានរៀល ។ ចំណែកក្រុមលេខ៣ បានទៅក្រុម Riel Phnom Penh ក្រោយយកឈ្នះក្រុម Marlians FC ៣-២ បានទទួលប្រាក់រង្វាន់ ១០លារៀល ខណៈក្រុមលេខ៤ Marlians FC ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥លានរៀលផងដែរ ។
ជាមួយនឹងពិធីបិទដែលធ្វើឡើងក្រោមក្រោមវត្តមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាស្ថាបនិកពានរង្វាន់ KW Cambodia League ហើយលោកបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការប្រកួតខាងលើ ដែលបញ្ចប់ដោយជោគជ័យ ។
លោកបញ្ជាក់ថា រយៈពេល ១០ឆ្នាំ ដែលលោកបានសន្យានឹងរៀបចំពាននេះ គឺបានបញ្ចប់ហើយ ពិសេសរដូវកាលទី១០ ដែលបញ្ចប់ដោយជោគជ័យ បន្ទាប់ពីមានក្រុមខ្លាំងៗចូលរួម ១៨ក្រុម ធ្វើឲ្យការប្រកួតនីមួយៗ មានភាពស្វិតស្វាញ ។ ប៉ុន្ដែឆ្នាក្រោយ លោកមិនទាន់ប្រាកដថា នឹងរៀបចំទៀត ឬក៏អត់នោះទេ ដ្បិតលោកកំពុងពិចារណាជម្រើស ២ ខាងលើ ដើម្បីទទួលបាននូវប្រយោជន៍រួម សម្រាប់វិស័យកីឡាបាល់ទាត់ជាតិ ។
យ៉ាងណាមិញលោកបានបង្ហើបថា ប្រសិនបើកលោកបន្ដរៀបចំពានរង្វាន់ KW Cambodia League ទៀត លោកនឹងរៀបចំឲ្យកាន់តែធំ ហើយការចំណាយក៏កាន់តែច្រើនជាងមុនផងដែរ ៕
Discussion about this post